(បន្ទាយមានជ័យ)៖ បន្ទាប់ពីបានដឹកនាំដាក់វិធានការ និងបែងចែកភារកិច្ចការទទួលខុសត្រូវដល់ក្រុមការងារ ទប់ទល់នឹងជំនន់ស្ទឹងសង្កែរួចមកលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរអញ្ជើញ ចុះពិនិត្យការដ្ឋានសាងសង់ទំនប់កាត់ស្ទឹង ស្ថិតនៅក្នុងឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ សំណង់កាត់ស្ទឹងនេះ ត្រូវបានសាងសង់ឡើង ត្រង់ចំណុចប្រសព្វរវាងស្ទឹងមង្គលបូរី និងស្ទឹងសិរីសោភ័ណ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងថា យោងលើឈ្មោះរបស់ស្ទឹងទាំងពីរ (ស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបូរី) ព្រមទាំងទីតាំងដែលកំពុងសាងសង់ លោករដ្ឋមន្រ្តី នៅក្នុងឱកាសចុះពិនិត្យការងារនាព្រឹកនេះ បានប្រសិទ្ធនាមសំណង់កាត់ស្ទឹងនេះថា «សំណង់សិរីមង្គល»

ក្នុងឱកាសចុះពិនិត្យការងារនេះដែរ រដ្ឋមន្ត្រីធនធានទឹក បានណែនាំដល់អ្នកអនុវត្តគម្រោងឲ្យកែសម្រួលនូវបច្ចេកទេសសំណង់មួយចំនួន ដើម្បីធានាបាននូវភាពរឹងមាំនៃសំណង់ ទប់ទល់នឹងកម្លាំងហូរបុករបស់ទឹក (Water Jump)។

ការងារដែលបានអនុវត្តសំខាន់ៗ រួមមាន៖ សាងសង់សំណង់ទ្វារទឹកស្វ័យប្រវត្តិ សិរីមង្គល០១កន្លែង និងជីកស្តារស្ទឹងមង្គលបូរី (ដែលគោករាក់ស្ទើរស្មើនឹងស្រែ) ប្រវែង២.៥០០ម៉ែត្រ។

ការសាងសង់សំណង់កាត់ស្ទឹង «សិរីមង្គល» គឺក្នុងគោលបំណងដើម្បីទាញយកសក្តានុពលទឹករបស់ស្ទឹងទាំងពីរខាងលើ មកប្រើប្រាស់ឲ្យអស់លទ្ធភាព កុំឲ្យហូរចូលទៅបឹងទន្លេសាប ដោយឥតប្រយោជន៍។ សំណង់កាត់ស្ទឹងនេះ នឹងដើរតួនាទីដ៏សំខាន់ក្នុងការតម្កល់ទឹកទុកនៅក្នុងតួស្ទឹងទាំងពីរ ឲ្យបានយ៉ាងតិច៥០លានម៉ែត្រគូប (នៅរដូវប្រាំង) សម្រាប់បម្រើឲ្យការស្រោចស្រព ពិសេសគឺដោះស្រាយទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី កុំឲ្យមានការប្រឈមនឹងការខ្វះខាត ដូចពេលកន្លងមក។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តី លឹម គានហោ៕