(ភ្នំពេញ)៖ ​នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅកម្ពុជា តំណាង​នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០១៨ ជាមួយនាយកដ្ឋាន អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រួមជាមួយបណ្ដាស្ថានទូតនានា ប្រចាំនៅកម្ពុជា​។

យោងតាមរបាយការណ៍ត្រីមាសទី២ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅកម្ពុជា បានឲ្យដឹងថា វិនិយោគិន និងអ្នកទេសចរណ៍បរទេស ដែលមកប្រទេសកម្ពុជា បានទទួលរងគ្រោះមានចំនួន​១៧៨ករណី (បើប្រៀបធៀបជាមួយត្រីមាសទី១ មាន១៤១ករណីកើនឡើង ៣៧ករណី) ភាគច្រើនដោយអំពើចោរកម្មលួច-ឆក់មានចំនួន​៧៧ករណី ស្មើនឹង​៤៣,២៥% មាន៣៧សញ្ជាតិ ក្នុងនោះសញ្ជាតិច្រើនជាងគេគឺ ចិន៦១នាក់, វៀតណាម២២នាក់, បារាំង១៤នាក់, អង់គ្លេស១៣នាក់, អូស្រ្តាលី១១នាក់ ហើយភូមិសាស្រ្តដែលកើតមានច្រើនជាងគេ នៅរាជធានីភ្នំពេញ។​

ក្រៅពីជនបរទេសរងគ្រោះ ក៏មានជនបរទេសប្រព្រឹត្តបទល្មើសមាន ចំនួន​៨៨ករណី ឃាត់ខ្លួន៣៧៨នាក់ មាន២៥សញ្ជាតិ (បើប្រៀបធៀបជាមួយត្រីមាសទី២ មាន៥៥ករណី កើនឡើង៣៣ករណី) ភាគច្រើនបទល្មើសប្រើប្រាស់-ជួញដូរគ្រឿងញៀនមាន ចំនួន​១៧ករណី ស្មើនឹង ១៩,៣១% នៃចំនួនសរុប​៨៨ករណី ក្នុងនោះសញ្ជាតិប្រព្រឹត្តបទល្មើសច្រើនជាងគេ គឺចិន២៥៧នាក់, នីហ្ស៊េរីយ៉ា៣៧នាក់, វៀតណាម១៤នាក់, ថៃ១២នាក់, កូរ៉ខាងត្បូង០៨នាក់ ហើយភូមិសាស្រ្តដែលកើតមានច្រើនជាងគេ ​នៅរាជធានីភ្នំពេញ។​

ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយបណ្តាស្ថានទូត និងស្ថានតំណាងទាំងជំនួបទ្វេភាគី និងពហុភាគី ដើម្បីពិភាក្សាគ្នាដោះស្រាយ បញ្ហានានា ឲ្យបានទាន់ពេលវេលាទាំងនៅថ្នាក់ជាតិ និងតាមរាជធានី-ខេត្ត រួមទាំងបានការពារគណៈប្រតិភូបរទេស និងមន្ត្រីការទូតបរទេស ក្នុងដំណើរទស្សនកិច្ច និងការចុះបំពេញបេសកកម្មនានា។ ក្នុងកិច្ចប្រជុំនេះ តំណាងពីបណ្ដាស្ថានទូតនានាប្រចាំនៅកម្ពុជា បានចូលរួមប្រជុំស្ដាប់ពីលទ្ធផលការងារ ប្រចាំត្រីមាសទី២ ឆ្នាំ២០១៨ រួមទាំងពិភាក្សាការងារ និងសំណូមពររបស់បណ្ដាស្ថានទូតនៅកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារ តំណាងស្ដានទូតប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណដល់ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេស​ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំនៅកម្ពុជា ដែលបានយកចិត្តទុកដាក់ការពារ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋខ្លួន និងការការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន ភ្ញៀវទេសចរណ៍បរទេស មន្ត្រីការទូត ទីតាំងស្ថានទូត និងនិវេសនដ្ឋានឯកអគ្គរាជទូត-រដ្ឋទូត ដែលមានវត្តមាននៅកម្ពុជា។​

ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ ថោង លីម បានណែនាំដល់នាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ជាសមាជិក ត្រូវអនុវត្តតាមផែនការ របស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការការពារសន្តិសុខជូនវិនិយោគិន និងអ្នកទេសចរ​បរទេស ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញ និងលើកទឹកចិត្តវិស័យវិនិយោគ និងទេសចរណ៍នៅកម្ពុជា៕