(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថ​រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជូន​ជនសង្ស័យម្នាក់ឈ្មោះ អ៊ុន សំណាង អាយុ៣៩ឆ្នាំ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើក្មួយស្រីបង្កើតខ្លួនឯង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បើតាមមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការ​ឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុន សំណាង អាយុ៣៩ឆ្នាំ មុខរបរ​កម្មកររោងចក្រ ទីកន្លែងកំណើត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ​16​1 ភូមិអង្គ សង្កាត់ចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ​ បានរំលោភក្មួយស្រីរហូត ដល់០៣ដងទើបបានសម្រេច។​

បើតាមរបាយការណ៍ អាវុធហត្ថដដែលបានបញ្ជាក់ទៀតថា លើកទី១៖ គឺនៅពេលយប់មិនចាំថ្ងៃខែ ពេលដែលក្មួយស្រីកំពុងដេកលក់ ខ្លួនបានធ្វើសកម្មភាព យកកន្ត្រៃលួចកាត់គូទខោក្មួយស្រី ដើម្បីលូកដៃទៅស្ទាប់អង្អែលប្រដាប់ភេទ ដោយប៉ុនប៉ងរំលោភ តែដោយសារមានប្រពន្ធដេកក្បែរទើបខ្លួនលេងប្រដាប់ភេទខ្លួនឯង រហូតបានសម្រេចដាក់ក្នុងខោក្មួយស្រី​។

លើកទី២៖ ខ្លួនបានប៉ុនប៉ងចាប់រំលោភ នៅពេលបាយថ្ងៃត្រង់ ដោយខ្លួនបានសុំនាងរួមភេទ តែនាងមិនព្រមខ្លួនក៏បានចាប់ផ្តួលនាងទៅលើឥដ្ឋការ៉ូ និងបានអុកមួយជង្គង់ចំដើមទ្រូងធ្វើឲ្យចុកឆ្អល់ រួចខ្លួនបានចាប់រំលោភ តែក្មួយស្រីបានសុំអង្វរ ខ្លួនក៏បានដើរចេញទៅធ្វើការបាត់ទៅ​។

លើកទី៣៖ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ម៉ោងប្រហែល១១ថ្ងៃត្រង់ ខ្លួនបានសុំក្មួយស្រីរួមភេទម្តងទៀត តែនាងមិនព្រម ខ្លួនបានចាប់នាងផ្តួលនាងទៅលើឥដ្ឋការ៉ូ ហើយបីនាងទៅដាក់លើពូក រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេចចំនួន០១ដង​៕