(សៀមរាប)៖ ជនជាតិចិន៣នាក់ បានប្រើប្រាស់អាវុធ​មួយដើម ធ្វើសកម្មភាពចូលប្លន់ផ្ទះលក់មាស ប្ដូរប្រាក់ នៅស្រុកពួក ខេត្តសៀមរាប នៅវេលាម៉ោង០៧៖២០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ តែមិនបានសម្រេច ហើយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមបង្ក្រាបបានភ្លាមៗ។

របាយការណ៍របស់មន្ដ្រីនគរបាលដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ទីតាំងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​អូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដោយជនរងគ្រោះទី១៖ឈ្មោះ តៅ សុភា ភេទស្រី អាយុ​៤៤​ឆ្នាំ, ទី២៖ឈ្មោះ ជូ រចនា ភេទស្រី អាយុ​២៦​ឆ្នាំ និងទី៣៖ឈ្មោះ ឌឹម វិជ្ជារ៉ា ភេទប្រុស អាយុ​២៦​ឆ្នាំ និងកូនតូចម្នាក់ទៀត។

មន្ដ្រីនគរបាលដដែលបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះឡានមកពីប្រកបមុខរបរលក់មាស ប្ដូរប្រាក់ នៅក្រុងសៀមរាប លុះមកដល់មុខផ្ទះគាត់ ជនរងគ្រោះឈ្មោះ តៅ សុភា ​បានចុះពីលើឡានដើម្បីទៅបើកទ្វារចូលផ្ទះ ស្រាប់តែមានក្រុមជនសង្ស័យមានគ្នា​០៣​នាក់ បានមកវាយគាត់ពីក្រោយ ដោយវត្ថុរឹង និង​វាយកញ្ចក់ឡានបំណងយកទ្រព្យសម្បត្តិមានតំលៃ តែជនរងគ្រោះបានស្រែកផ្អើលអ្នកជិតខាង ជនសង្ស័យក៏បានរត់គេចខ្លួនឆ្លងស្ទឹងបាត់។

ក្រោយទទួលបានសេចក្ដីរាយការណ៍កម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅដល់កន្លែកើតហេតុ និងបានធ្វើការរុករកបានឃាត់ខ្លួន ​ជនសង្ស័យចំនួន​០៣​នាក់ ជនជាតិចិន ដោយទី១៖ឈ្មោះ Hv Ming Chaa អាយុ​៤៣​ឆ្នាំ, ទី២៖ឈ្មោះ Ly Xiao Si អាយុ​៣៨​ឆ្នាំ និងទី៣៖ឈ្មោះ Lhang yong Sheng អាយុ​៤៨​ឆ្នាំ។ ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញដកហូតបាន អាវុធម៉ាកឡុកចិនមួយដើម ​គ្រាប់ចំនួន​១០​គ្រាប់, ដែកបំពង់ទីប, រថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយស្ដារិច ២០០៤ (គ្មានស្លាកលេខ) និង​ម៉ូតូនៅក្នុងរថយន្ដមួយគ្រឿងសេរី ២០១៦ (គ្មានស្លាកលេខ)។ ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕​