(ភ្នំពេញ)៖ ធ្លាប់តែជាតារាសម្ដែង មានទេពកោសល្យឆក់បានតំណែងជាតួឯក ស្រាប់តែពេលនេះ ​​កញ្ញា ប៊េប៊ី បានបញ្ចេញស្នាដៃបទចម្រៀង Original Song ​របស់ខ្លួន មានចំណងជើងថា «អំណាចលុយ» ហើយត្រូវគេឃើញមានការចែកចាយ និងចូលស្ដាប់រហូតដល់ម៉ឺនដង បង្កឲ្យអ្នកគាំទ្ររបស់នាងបើកភ្នែកធំៗ ស្រឡាំងកាំងគ្រប់ៗគ្នា ព្រោះតែមិនដែលឃើញនាងចេញបទផ្ទាល់ខ្លួន។

យ៉ាងណាមិញ នេះជាបទចម្រៀង ដែលកញ្ញា ប៊េប៊ី ចេញស្ទីលរ៉េប យ៉ាងប្លែកត្រចៀក ខណៈដែលតារារូបនេះ ក៏បានប្រកាសថា នឹងចំណាយទុនផលិតជា MV ឲ្យញាក់សាច់ បន្ទាប់ពីបទចម្រៀងនេះ​ចេញមក ក៏មានការពេញនិយមខុសពីការគ្រោងទុក។

តារាសម្ដែង និងកំពុងតែវិវឌ្ឍន៍ខ្លួន ទៅជាតារាចម្រៀង កញ្ញា ប៊េប៊ី បានអះអាងថា នាងមានអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលបទចម្រៀងមួយបទនេះ ទើបបង្ហោះបានប៉ុន្មានម៉ោង កាលពីថ្ងៃទី១៤ សីហា ប៉ុណ្ណោះ តែអ្នកចូលទស្សនាកើនដល់រាប់ម៉ឺននាក់ ក្នុងពេលដែលនាងក៏ប្រកាសថា ខ្លួនគ្រាន់តែចេញបទចម្រៀងប្រភេទរ៉េបនេះ ដើម្បីស្ទាបស្ទង់សមត្ថភាព។ ប៊េប៊ី បន្តថា មួយបទនេះ ធ្វើឲ្យនាងកាន់តែមានកម្លាំងចិត្ត ក្នុងការបញ្ចេញបទថ្មី ដោយនាងក៏គម្រោងនឹងផលិតបទរ៉េបៗឲ្យប្លែកត្រចៀកបែបនេះ ដើម្បីវាយលុកទីផ្សារជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះនាងបានប្រកាសថា ខ្លួនបានត្រៀមរួចហើយ នូវការផលិត MV បទ «អំណាចលុយ» ឲ្យកាន់តែធ្វើឲ្យបទនេះផ្ទុះខ្លាំង ក្នុងស្រទាប់យុវវ័យ ខណៈដែលស្ទីលដែលនាងរំលេចក្នុង MV ក៏នាងត្រៀមធ្វើឲ្យប្លែកខុសពីបទចម្រៀងមុនៗ។

ដោយឡែក ​អ្នកស្នេហាវិស័យបទចម្រៀងរ៉េប​ បានសរសើរមិនដាច់ពីមាត់ ជាមួយនឹងសមត្ថភាពរបស់នាង ដែលក្រៅពីអាចបកស្រាយបទចម្រៀង បែបមនោសញ្ចេតនា និងបទប្រភេទញាក់ៗបានល្អ​ហើយ ស្រាប់តែនាងអាចបកស្រាយ បទចម្រៀងប្រភេទរ៉េបមួយបទនេះ បានទៀត៕