(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញការលើកកម្ពស់សុខភាព និងសុវត្តិភាពការងារនៅតាមរោងចក្រ​ សហគ្រាស​ ដើម្បីបង្កើនបរិយាកាសល្អនៅកន្លែងការងារឲ្យកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរថែមទៀត។

ថ្លែងក្រោយពិធីបើកវគ្គបណ្តុះបណ្តាលដៃគូថ្នាក់ជាតិ របស់គម្រោងការងារកាន់តែប្រសើរឡើង នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ លោក​ ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានលើកឡើងថា ការជំរុញនេះបានធ្វើឡើងតាមរយៈការបើកវគ្គបណ្តុះបណ្តាលដៃគូថ្នាក់ជាតិ​ របស់គម្រោងការងារកាន់តែប្រសើរឡើងរបស់អង្គការអន្តរជាតិខាងការងារ​ (ILO) ដែលមានរយៈពេល១ឆ្នាំកន្លះ ដើម្បីឲ្យសិក្ខាកាមជួយផ្សព្វផ្សាយអប់រំបន្តអំពីសិទ្ធិសេរីភាព លក្ខខណ្ឌការងារ និងសុវត្តិភាពការងារដល់កម្មករនិយោជិត និងថៅកែរោងចក្រ ដើម្បីបញ្ជៀសនូវវិវាទ និងហិង្សាផ្សេងៗនៅកន្លែងធ្វើការ។

លោក ឡេង តុង បានបន្តថា វគ្គបណ្តុះបណ្តាលនេះ គឺសិក្សាទៅលើខ្សែចង្វាក់ផ្គត់ផ្គង់ជាសាកល ការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងឧស្សាហកម្ម ការគ្រប់គ្រងហានិភ័យការងារ និងវិធានការការពារ ការកំណត់នូវវិធីសាស្ត្រ និងយុទ្ធសាស្ត្រអធិការកិច្ចថ្មីៗ ការពង្រឹងទំនាក់ទំនង និងជំនាញទន់ ដើម្បីឲ្យមានទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រ។

លោកបានបន្តថាវគ្គសិក្សានេះ នឹងជួយពង្រឹងសមត្ថភាពដល់មន្ត្រីអធិការកិច្ច និងអ្នកពាក់ព័ន្ធនានា រួមមាន៖ តំណាងសហជីព និងតំណាងមកពីរោងចក្រចំនួន៤១នាក់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សំដៅកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងការងារ។

លោកបានបន្ថែមទៀតថាវគ្គនេះ រៀបចំឡើង ពង្រឹងយន្តការ កិច្ចសហប្រតិបត្តិការ សម្រាប់វិស័យសាធារណៈ និងឯកជនក្នុងការគាំទ្រចំពោះការអភិវឌ្ឍជំនាញ ដោះស្រាយវិវាទការងារ ជាពិសេសការជំរុញការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់។

លោក អ៊ីវ៉ូ ស្ពៅវិន រូបង្គោល​ និងជាអ្នកជំនាញផ្នែកគោលនយោបាយ នៃកម្មវិធីកាន់តែប្រសើរ របស់អង្គការពលកម្មអន្តរជាតិខាងការងារ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ គឺជាស្ពានចំលងមួយដ៏សំខាន់ក្នុងការធ្វើឲ្យទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិត និងថៅកែកាន់តែល្អប្រសើរឡើងនៅកន្លែងធ្វើការ។

លោក អ៊ីវ៉ូ ស្ពៅវិន បានសន្យាថាអង្គការ ILO នៅតែបន្តធ្វើការជាមួយក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធនានា​ ដើម្បីចែករំលែកនូវបទពិសោធន៍ល្អៗ សំដៅជួយកែលម្អការអនុវត្តសិទ្ធិ និងលក្ខខណ្ឌការងារនៅប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានណែនាំដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនាព្រឹកនេះ ត្រូវខំត្រងត្រាប់ស្តាប់គ្រូឧទ្ទេសដោយយកចិត្តទុកដាក់ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ យកទៅផ្សព្វផ្សាយបន្តក្នុងការកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការកាន់តែប្រសើរថែមទៀត។

គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលដៃគូថ្នាក់ជាតិរបស់គម្រោងការងារកាន់តែប្រសើរឡើងនេះ ប្រទេសកម្ពុជាទទួលអនុវត្តមុនគេ បន្ទាប់មកគឺប្រទេសវៀតណាម និងឥណ្ឌូនេស៊ី។ គម្រោងនេះ​ គឺសិក្សារយៈពេល១ឆ្នាំកន្លះដែលមានការសិក្សាជាមួយគ្រូផង រៀនតាមអនឡាញផង និងចុះសិក្សានៅតាមរោងចក្រសហគ្រាសផងដើម្បីស្វែងយល់ពីលក្ខខណ្ឌការងារដោយផ្ទាល់៕