(រតនគិរី)៖ ថ្លែងនូវក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត​ នៅព្រឹកថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ​២០១៨នេះ​ លោក​ ថង​ សាវុន​ អភិបាលខេត្ត​រតនគិរី​ បានជម្រុញដល់មន្ត្រីរាជការ​ ពិសេសមន្ទីរអង្គភាពជុំវិញខេត្ត​ ឲ្យបង្កើនសមត្ថភា ​និងទទួលខុសត្រូវតាមតួនាទីភារកិច្ចកាន់តែខ្លាំង សម្រាប់អាណត្តិថ្មី របស់រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន​ សែន ឲ្យសមទៅនឹងអ្វីដែល​ប្រជាពលរដ្ឋ បានផ្តល់នូវការជឿទុកចិត្តកន្លងមកថ្មីៗនេះ​​។

​លោកអភិបាលខេត្ត ក៏បានថ្លែងនូវការកោត​សរសើរ​ និងវាយតម្លៃខ្ពស់ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់នៅទូទាំងខេត្ត​​ទាំងមុនពេល​ កំឡុងពេល និងក្រោយពេលបោះឆ្នោត​ ដោយអាជ្ញាធរជំនាញបានសហការយកចិត្តទុកដាក់ រក្សាបាននូវសន្តិសុខ សុវត្ថិភាព​ បរិយាកាសនយោបាយ ប្រកបដោយភាពស្ងប់ស្ងាត់​។​

សូមជម្រាបថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត​​ខាងលើ​ធ្វើឡើង ដើម្បីពិនិត្យលើការអនុវត្តការងារកន្លងមក​ និងពិនិត្យវាយម្លៃការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងមុនពេល​ ក្នុងពេល​ និងក្រោយពេលបោះឆ្នោងជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦​ ឆ្នាំ២០១៨​​កន្លងមក​ និងពង្រឹងនូវរបៀបរបប​​តួនាទី​ ភារកិច្ចការងារនៅក្នុងខេត្ត​៕