(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ចំនួន៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៧គ្រឿង, រថយន្ដធុនធំ២គ្រឿង, រថយន្ដធុនតូច៤គ្រឿង​, អ្នកថ្មើជើងម្នាក់ និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់, កត្តាយានយន្ដ និងប្រជែង។

សូមបញ្ជាក់ថា រយៈពេល១៣ថ្ងៃចាប់ពីថ្ងៃទី០១ដលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចណ៍​កើតឡើងចំនួន១០៧លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥៤នាក់, របួសស្រាល៤៤នាក់ និងរបួសធ្ងន់៩០នាក់៕