(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារបានរៀបចំវេទិកាការងារស្តីពី ឱកាសការងារ និងកម្មសិក្សាការងារ ដោយមានការចូលរួមសហការ ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង កាស៊ីណូ Xi Gang international casino (ខេត្តព្រះសីហនុ)។ វេទិកានេះ​ ធ្វើឡើងនៅសាលាប្រជុំវិទ្យាស្ថាន ពហុបចេ្ចកទេសភូមិភាគតេជោសែនស្វាយរៀង ដោយមាន អ្នកចូលរួមជាសិស្សនិស្សិតប្រមាណជាង១០០នាក់។

លោក ហែម ពុទ្ធិ ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង បានថ្លែងថា វេទិកាការងារនៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយដល់អ្នកស្វែងរកការងារធ្វើ ជាពិសេសអ្នកទើបបញ្ចប់ការសិក្សាថ្មីៗ និងយុវជនដែលគ្មានការងារធ្វើ ឲ្យបានដឹងពីទីផ្សារងារការងារ តម្រូវការកម្លាំងពលកម្មរបស់ក្រុមហ៊ុនជាដើម។

លោក ពុទ្ធិ បន្ថែមថា សកម្មភាពសំខាន់ៗ ដែលមជ្ឈមណ្ឌលការងារខេត្ត បានអនុវត្តកន្លងមកមានដូចជា ចុះឈ្មោះអ្នកស្វែងរកការងារធ្វើ បានចំនួនជាង១ម៉ឹននាក់, ផ្គូរផ្គងអ្នកស្វែងរកាងារធ្វើទៅអោយនិយោជកចំនួនប្រមាណ ៩ពាន់នាក់ អ្នកទទួលបានការងារធ្វើចំនួន ជាង២ពាន់នាក់, រៀបចំសិក្ខាសាលាស្ដីពីការណែនាំអាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត, រៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញ សិក្សាសម្រាប់ សិស្សវិទ្យាល័យ, ទំនាក់ទំនង និងទទួលជួបជាមួយនិយោជក ក្រុមហ៊ុន សហគ្រាស, ផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិក ,ផ្សព្វផ្សាយព័ត៌មានអប់រំបណ្តុះបណ្តាល និងអាហារូបករណ៍, រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន ,រៀបចំវេទិកាការងារ និងរៀបចំពិព័រណ៍ចល័តជាដើម។

ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងរូបនេះ ក៏បានសំណូមពរដល់ប្អូនៗ និស្សិតគួរ ស្វែងរកការងារធ្វើ តាមរយៈជាការងារស្ម័គ្រចិត្ត ឬការងារពេញម៉ោងក្នុងអំឡុងពេលសិក្សា ដើម្បីទទួលបាននូវបទពិសោធន៍ ក៏ដូចជាពង្រឹងនូវជំនាញរបស់ខ្លួន ក្នុងការឈានទៅរកការងារល្អប្រាក់បៀវត្សន៍ខ្ពស់ទៅថ្ងៃអនាគត។

សូមជម្រាបថា មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) គឺជាស្ថាប័នរដ្ឋដែលបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាព័ត៌មានទីផ្សារ ការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីផ្តល់ឱកាសឱ្យអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការ អប់រំបណ្តុះបណ្តាលមានលទ្ធភាព ទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក។

ជាក់ស្តែង ក្នុងដំណើរប្រតិបត្តិការជួយស្វែងរកការងារធ្វើ ដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆមាសទី១ ឆ្នាំ២០១៨ NEA បានជួយស្វែងរកការងារធ្វើ ដល់ប្រជាពលរដ្ឋខ្មែរបានប្រមាណ ៣,២៥១នាក់ ចុះឈ្មោះអ្នកស្វែងរកការងារ ធ្វើបានប្រមាណ ៧,៥៩០នាក់ នឹងរៀបចំវេទិកាការងារបានចំនួន៤២ដង៕