(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា បើកម្ពុជាគ្មានសុខសន្តិភាព និង​មានសេដ្ឋកិច្ចរីកចម្រើនទេ ក៏គ្មានកំណើននៃសាសនិកឥស្លាមសព្វថ្ងៃ ដែលមានលទ្ធភាពទៅប្រារព្ធពិធីបុណ្យហាជ្ជ ចេះតែមានការកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំនោះដែរ។

ការថ្លែងបែបនេះ ធ្វើឡើងនៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសដែលលោក អូស្មាន ហាស្សាន់ និងលោកស្រី អញ្ជើញជូនដំណើរ​បងប្អូនសាសនិកឥស្លាម ដែលចេញដំណើរទៅប្រារព្ធពិធីបុណ្យហាជ្ជ​ចំនួន១២៦នាក់ ក្នុងនោះ​មាន១០នាក់ អញ្ជើញតាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជាការឧបត្ថម្ភរបស់សប្បុរសជនអារ៉ាប់រួមអេមីរ៉េត តាមស្ថានទូតអារ៉ាប់រួមអេមីរ៉េ​ត ប្រចាំទីក្រុងបាងកក​ និង​៣នាក់ទៀតឧបត្ថម្ភដោយលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា​។

លោក អូស្មាន ហាស្សាន់ បានកោតសរសើរដល់បងប្អូន ដែលកាលពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីរតិកាលទី៦ កន្លងផុតទៅ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ថ្មីៗនេះ គឺជនរួមជាតិនិយាយជារួម និងបងប្អូនខ្មែរឥស្លាមនិយាយដោយឡែក បានសម្រេចចិត្តដ៏ត្រឹមត្រូវ​ទាំងទឹកចិត្ត និងឆន្ទៈក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ជាច្រើនលើសលុប ហើយនាំមកនូវជ័យជម្នះជូន គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច​តេជោ ហ៊ុន សែន ជាប្រធាន​ បន្តជានាយករដ្ឋមន្រ្តី ដឹកនាំនាវាសន្តិភាព និង​ការអភិវឌ្ឍន៍ជាបន្តទៀត។

លោក​ក៏បានកោតសរសើរ ដែលសំឡេងបងប្អូនគាំទ្រ គណបក្សប្រជាជនកម្ពុជា ត្រូវបានមើលឃើញថា ឡើងដល់កម្រិតជាមធ្យមទូទាំងប្រទេស ជិតដល់ទៅ៩០ភាគរយឯណោះ។ ក្នុងនាមថ្នាក់ដឹកនាំ លោកបានជូនពរដល់ប្អូនដែលចេញដំណើរ សូមទទួលបានសុខសុវត្ថិភាព និង​បានទទួលនូវការតបស្នងសងគុណ នូ​វផលបុណ្យលើសលប់ ក្នុងប្រតិបត្តិការណ៍បុណ្យហាជ្ជ ដែលបងប្អូន​បានលះបង់ទាំងពេលវេលា និងថវិកា​ដើម្បីចូលរួមក្នុងពិធិប្រារព្ធពិធីបុណ្យដ៏មានសារសំខាន់នេះ។

សូមបញ្ជាក់ថា មកដល់ថ្ងៃនេះ ​អ្នកដែលបានចេញដំណើរទៅអារ៉ាប៊ីសាអូឌីត ដើម្បីប្រារព្ធពិធីបុណ្យហាជ្ជ គឺបានចំនួន​ជិត១,០០០នាក់ហើយ ក្នុងចំណោម​១០០៨នាក់ ខណៈនៅ​ថ្ងៃទី១៣ សីហា ២០១៨ គឺជាជើងហោះហើរក្រុមចុងក្រោយបង្អស់ ដែលនឹងចេញដំណើរប្រមាណ៤០នាក់ទៀត៕