(កំពង់ចាម)៖ លោក ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងលោកស្រី ណាល់ សុខអៀន, លោកឧកញ៉ា ឡូវ សុខសាន និងលោកឧកញ៉ា ជា លាងហុង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមអបអរសាទរ និងថ្លែងអំណរគុណជូន​ចំពោះសមាជិក ក្រុមការងារ និងប្រជាពលរដ្ឋ​ឃុំទងត្រឡាច ដែលបានខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងទាំងមុនពេល និងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ធ្វើឲ្យសម្រេចទទួលបានលទ្ធផល យ៉ាងត្រចះត្រចង់ ជូនគណបក្សប្រជាជនកម្ពុជា។

ក្នុងបរិយាកាសរីករាយស្វាគមន៍រីករាយរាក់ទាក់ពីសំណាក់ប្រជាពលរដ្ឋ នៅក្នុងបរិវេណវត្តខ្ទឹង ស្ថិតក្នុងភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោកឧកញ៉ា ជា លាងហុង និងលោកឧកញ៉ា ឡូវ សុខសាន បាន​នាំនូវសារថ្លែងអំណរគុណ​ពីសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ​ប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន។

ពិធីអបអរសាទរនៃជ័យជម្នះទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ បានរីករាយស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការចូលរួមទទួលទានបបរសាមគ្គី ក្រោមទិសស្លោក ប្រទេសជាតិមានការរីកចម្រើន និងការអភិវឌ្ឍន៍ ដែលការចូលរួមពីសំណាក់ព្រះគ្រូចៅអធិវត្ត លោកតា លោកយាយ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បន្ថែមពីនេះលោក ឡូវ​ ហ៊ឹង ក៏បានគូសបញ្ជាក់ឲ្យ ប្រជាពលរដ្ឋត្រូវរួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ រួមគ្នាថែររក្សានូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្ស សម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត។ ដោយឡែក មន្រ្តីរាជការត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រួមគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនុវត្តឲ្យបាននូវ​គោលនយោបាយរបស់ រាជរដ្ឋាភិបាលស្តីពីភូមិ​ឃុំមានសុវត្ថិភាព ជៀសឲ្យផុតអំពីការប្រើប្រាស់គ្រឿងញៀន បងតូច​បងធំ និងក្រុមក្មេងទំនើង​។

ជាមួយគ្នានេះ លោក ឡូវ ​ហ៊ឹង បានបញ្ជាក់ថា សាលាបឋមសិក្សា ខ្ទឹង​០១ខ្នងប្រក់ក្រឿង ដែលបានកំពុងសាងសង់ប្រមាណ​៦០ភាគរ​យ ហើយ​និងរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់ ក្នុងគោលបំណងឲ្យចៅៗក្មួយៗ បានចូលរៀនក្នុងពេលឆាប់នេះផងដែរ​។

ជាចុងបញ្ចប់ លោក ឡូវ ហ៊ឺង និងក្រុមការងារ រួមទាំងប្រជាពលរដ្ឋ​ជាច្រើនកុះករ បានចូលរួមពិសារបបរសាមគ្គី រួមទាំងមានការប្រគុំតន្រ្តី ក្នុងពិធីអបអរសាទរនៃជ័យជម្នះ​ទទួលលទ្ធផលយ៉ាងល្អប្រសើរ៕