(ភ្នំពេញ)៖ ក្រុមការងារត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់កំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្មក់ចុះចាប់រថយន្ដចំនួន ១៤គ្រឿង ដែលបានដឹកលើសទម្ងន់កម្រិតបើកបរតាមផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដឹកនាំដោយលោក សេង ឈួន ប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។

របាយការណ៍របស់ក្រសួងសាធារណការ បានបញ្ជាក់ថា ​ការ​ចុះចាប់រថយន្តបានចំនួន ១៤គ្រឿង នៅផ្លូវ៦០ម៉ែត្រនេះ គឺដឹកលើសទម្ងន់កម្រិតកំណត់ពី ​៨តោន ដល់​៤០តោន។

បើទោះបីជាមានប្រតិបត្តិការសស្រាក់សស្រាំយ៉ាងណាក្តី តែគេនៅតែសង្កេតឃើញថា ការប្រព្រឹត្តល្មើសច្បាប់ក្នុងការដឹកជញ្ជូនលើកសទម្ងន់នេះគ្មានការស្រកស្រុតនោះឡើយ។ ជាក់ស្តែង​ក្នុងរបាយការណ៍ខែកក្កដា ឆ្នាំ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជួន ចាប់បានរថយន្តដឹកលើសទម្ងន់រហូតដល់ជាង ​២១៧គ្រឿង ដែលចំនួននេះ​មានការកើនឡើង ៥គ្រឿង បើធៀបជាមួយខែមិថុនា។ ក្នុងចំណោមរថយន្ត ដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៤០តោន។

មន្ត្រីដែលបានចូលរូមប្រតិបត្តិការចាប់រថយន្តដឹកលើសទម្ងន់នេះ បានបង្ហើបឲ្យដឹងថា ការចាប់រថយន្តដឹកលើសទម្ងន់មិនត្រឹមតែលំបាកក្នុងការអនុវត្តន៍ច្បាប់នៅពេលចាប់ប៉ះចាប់រថយន្តអ្នកមានលុយ និងមានឥទ្ធិពលនោះទេ តែឥរិយាបថរបស់អ្នករកស៊ីដឹកជញ្ជូន​នៅតែបន្តគឃ្លើនមិនគោរពច្បាប់នោះឡើយ ពោលពួកគេនៅតែបន្តដឹកលើសទម្ងន់ដោយគ្មានអាសូរផ្លូវថ្នល់ដែលត្រូវរងការខូចខាតដោយសារទម្ងន់រថយន្តរបស់ពួកគេនោះឡើយ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានអះអាងថា រថយន្តមួយគ្រឿងដឹកលើសទម្ងន់កំណត់ ១តោន ស្មើនឹងរថយន្ត ១ពាន់គ្រឿងដឹកលើផ្លូវនោះ ហើយបើរថយន្តមួយគ្រឿង ដឹកលើសទម្ងន់រហូតដល់ទៅ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿង បានបើកបរនៅលើផ្លូវនោះ។

លោកទេសរដ្ឋមន្រ្តី តែងតែបានអំពាវនាវជារឿយៗដល់អ្នកបើកបរទាំងអស់គោរពច្បាប់មេត្តាកុំបើកបរទឹកលើសទម្ងន់ ព្រោះការដឹកលើសទម្ងន់នេះបំផ្លាញផ្លូវធ្ងន់ធ្ងរណាស់។ លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា លោកមិនចង់បានប្រាក់ផាកពិន័យពីការដឹកលើសទម្ងន់នោះឡើយ ព្រោះវាមិនអាចយកមកទូទាត់ជាមួយទំហំនៃការខូចផ្លូវបាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រកាសបើកដៃឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ចាត់វិធានការឲ្យបានតឹងរឹងបំផុត ដោយគ្មានការលើកលែងនោះឡើយចំពោះរថយន្តដឹកលើសទម្ងន់នេះ ទោះបីអ្នកប្រព្រឹត្តខុសនោះមានលុយ មានអំណាច ឬមានឥទ្ធិពលធំកម្រិតណាក៏ដោយ៕