(ភ្នំពេញ)៖ លោក PATRICk YAP នាយកគ្រប់គ្រងក្រុមហ៊ុន LUSH FOODS PTE LTD មកពីប្រទេសសិង្ហបូរី បានបង្ហាញគម្រោងវិនិយោគលើការចិញ្ចឹមត្រីល្អៗនៅក្នុងប្រទេសកម្ពុជា ហើយនាំទៅលក់នៅលើទីផ្សារអន្តរជាតិ។​

ការបង្ហាញនេះបានធ្វើឡើងក្នុងពេលលោក PATRICk YAP ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅចុងសប្តាហ៍នេះ។

ក្នុងជំនួបនោះលោក PATRICk YAP បានបញ្ជាក់ថា គម្រោងវិនិយោគរបស់លោកនឹងផ្ដោតសំខាន់លើការធ្វើវារីវប្បកម្មលើប្រភេទមឆ្ឆាជាតិសំខាន់ៗមួយចំនួន ដែលមានតម្លៃខ្ពស់នៅទីផ្សារអន្តរជាតិ ក៏ដូចជាការបង្កាត់ពូជប្រភេទមច្ឆជាតិកម្រ ដែលស្ទើរផុតពូជនៅប្រទេសកម្ពុជា ក្នុងការចូលរួមថែរក្សា និងអភិរក្សធនធានជីវៈចម្រុះឲ្យមានប្រសិទ្ធភាព។

លោករដ្ឋមន្រ្តី​ សាយ សំអាល់ បានការគាំទ្រលើគម្រោងនេះ និងបានផ្តល់អនុសាសន៍​ឲ្យក្រុមហ៊ុនត្រូវគោរពតាមច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសអនុសញ្ញានៃការជួញដូរសត្វកម្រឆ្លងដែន (CITES)​ ធ្វើយ៉ាងណាលើកកម្ពស់គុណភាព​ និងប្រសិទ្ធភាព​ នៅក្នុងការអនុវត្តការងារប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជានៅលើវិស័យបរិស្ថាននេះ៕