(ភ្នំពេញ)៖ ទំព័រ Facebook របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានឈ្មោះថា «ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT» បានទទួលការគាំទ្រពីប្រជាពលរដ្ឋខ្មែរ «១លាន Liked» ហើយមកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ។

ជាមួយការទទួលបានចំនួនអ្នក Liked កាន់តែច្រើននេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនស្វាគមន៍ប្រជាពលរដ្ឋខ្មែរទាំងរាយការណ៍រាល់ទុក្ខ និងភាពអសកម្មរបស់មន្រ្តីចំណុះក្រសួងសាធារណការ និងដឹកជញ្ជូន ចូលទៅកាន់ទំព័រ Facebook របស់ក្រសួងដើម្បីលោកស្វះស្វែងរកដំណោះស្រាយជូនពួកគេ។

តាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់ជូនសាធារណជនទូទៅនូវព័ត៌មានបច្ចុប្បន្នភាពពាក់ព័ន្ធការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការផ្តល់សេវាសាធារណៈក្នុងវិស័យសាធារណការ និងដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព។ ទំព័រផ្លូវការនេះក៏ជាវេទិកា សម្រាប់ធ្វើការទំនាក់ទំនងផ្ទាល់រវាងបងប្អូនប្រជាពលរដ្ឋ សាធារណជនទូទៅ និងក្រុមការងារក្រសួង ផ្តល់មតិយោបល់ក្នុងន័យស្ថាបនា ទទួលបានការរាយការណ៍ព័ត៌មាន និងទទួលសំណូមពរផ្សេងៗ។

ជាមួយនឹងការថ្លែងអំណរគុណដល់ការគាំទ្រលើទំព័រ Facebook នេះ លោក ស៊ុន ចាន់ថុល បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងក្នុងនាមលោកផ្ទាល់ នឹងប្តេជ្ញាបន្តជំរុញការធ្វើកំណែទម្រង់ស៊ីជម្រៅ សំដៅពង្រឹងគុណភាព បទដ្ឋាន និងស្តង់ដារក្នុងការជួសជុល សាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ព្រមទាំងពង្រឹងការផ្តល់សេវាសាធារណៈ ដែលមានលក្ខណៈសាមញ្ញ ចំណេញពេលវេលា និងគ្មានចំណាយក្រៅផ្លូវការ ដើម្បីឲ្យឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសង្គមជាក់ស្តែង ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរឡើងមួយកម្រិតទៀត។

ដើម្បីបានទទួលព័ត៌មាន និងសេវានានាពាក់ព័ន្ធវិស័យសាធារណការ និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋអាចចូលទៅកាន់ https://www.facebook.com/mpwt.gov.kh/