(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជនជាតិចិន៣នាក់ ដែលបើកបរបង្កគ្រោះចរាចរណ៍បណ្តាល ឲ្យស្លាប់ និងរងរបួសអ្នកដទៃចំនួន៣ករណី ត្រូវបាននគរបាលរបស់លោកចាប់ខ្លួន និងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា៖

*ករណីទ១៖ នៅ​ថ្ងៃ​​ទី​១០ ខែ​សីហា​​​​​ ឆ្នាំ​២០១៨​ កម្លាំងការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បាន​បញ្ជូនខ្លួន​អ្នកបើកបរ​រថយន្ត​ ជនជាតិ​ចិន​ ឈ្មោះ WANG HUAN​ ភេទប្រុស អាយុ៣៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E89930490 មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ចាត់​ចែង​តាម​នីតិវិធី​ច្បាប់​ ​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​សីហា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​កាស៊ីណូ​ ហ្គោលឌែន​ ស្ថិតនៅ​ក្នុង​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​/ខេត្ត​ព្រះសីហនុ​ បើករថយន្ត​ថយក្រោយ​ បុក​ទ្វារ​កញ្ចក់​ និង​បុកអ្នកថ្មើរជើង​ឈ្មោះ ហ៊ុន សុផល ភេទប្រុស អាយុ៥១ឆ្នាំ បណ្ដាល​ឲ្យ​រងរបួស​ជើងធ្ងន់ធ្ងរ។

*ករណីទី២៖ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា​​​​​ ឆ្នាំ​២០១៨​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​១៤៨-១៤៩​ ស្ថិតនៅ​ក្នុង​ភូមិ​គីរីវ័ន​ ឃុំ​ស្ទឹងឆាយ​ ស្រុក​កំពង់សិលា​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង​ បង្កដោយ​រថយន្ត​១គ្រឿង​ម៉ាក​ HIGHLANDER​ ពណ៌​ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ ​2P-2033 បើកបរ​ដោយ​ឈ្មោះ​ FANG GUANG FENG អាយុ​៤៣ឆ្នាំ​ ជនជាតិ​ចិន​ កាន់​លិខិត​ឆ្លងដែន​លេខ​ EC3926985 មុខរបរ​លក់​ដូរ​ ស្នាក់នៅ​ខណ្ឌ​សែនសុខ​ មានទិសដៅ​ពី​ភ្នំពេញ​ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​ លុះដល់ចំណុចខាងលើ​ក៏​បាន​បុក​នឹង​ម៉ូតូ​១គ្រឿង​ម៉ាក​ HONDA​ C125 ពណ៌​ ខ្មៅ​ ពាក់ផ្លាកលេខ​តាកែវ ​1F-1868 បើកបរ​ដោយ​ឈ្មោះ​ ទិត​ សុជា​ អាយុ​៣១ឆ្នាំ​ មុខរបរ​លក់តាប៉ែ​ មានទីលំនៅ​ភូមិ​ត្រពាំង​ ឃុំ​ស្រែអំបិល​ ស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង​(ទិសដៅ​ផ្ទុយ​គ្នា​)​។

ភ្លាមៗ​នោះ​អ្នក​បើកបរ​ម៉ូតូ ​បាន​ខ្ទាត​មក​លើ​ផ្លូវ​ក៏​មាន​រថយន្ត​១គ្រឿង​ទៀត​ម៉ាក​ TOYOTA VIP ពណ៌​ស​ ពាក់ផ្លាកលេខ​ភ្នំពេញ ​2AB-3073 ជាកម្មសិទ្ធ​របស់​ក្រុមហ៊ុន​ មេគង្គ​អ៉ិច​ប្រេស​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​កិន​ពី​លើ​អ្នក​បើក​បរ​ម៉ូតូ​បណ្តាលឲ្យស្លាប់តែម្តង​។ ចំណែក​រថយន្ត​ម៉ាក​ HIGHLANDER​ រត់​គេច​ រហូត​ដល់​ ចំណុច​មុខ​រោចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ស្ថិតនៅ​ក្នុង​ភូមិ​បិតត្រាង ឃុំ​បិតត្រាង ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិតត្រាង​ ស្ទាក់​ចាប់​បាន​ទាំង​រថយន្ត​ និង​អ្នកបើកបរ​បើកបរ​។ ចំណែក​អ្នកបើកបរ​រថយន្ត​ TOYOTA VIP រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​ ។
អ្នកបើកបរ​រថយន្ត​ឈ្មោះ​ FANG GUANG FENG បាន​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។ វត្ថុតាង​ រថយន្ត​TOYOTA VIP ​​ និង​ ម៉ូតូ​១គ្រឿង​​ បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​ និង​រថយន្ត​ម៉ាក​ HIGHLANDER​ បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​។

*ករណីទី៣៖ វេលាម៉ោង១:១០នាទី​យប់ ថ្ងៃសុក្រទី១០ ខែសីហា ឆ្នាំ២០១៨ លើផ្លូវឯករាជ្យត្រង់ចំណុចស្តុប៣៣៣ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត០១​គ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 2B-3687 បើកបរដោយឈ្មោះ CHENG GIMAN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ E00498881 (គ្មានប័ណ្ណបើកបរ និងមិនសហការជាមួយសមត្ថកិច្ចក្នុងការពិនិត្យជាតិអាកុល) មុខរបរលក់ដូរស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីលិច ឆ្កោះទៅកើត។

លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត០១គ្រឿងម៉ាក PORSCHE ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AK-3336 អ្នកបើកបរដោយឈ្មោះ PERERA WPATABENDEGE S.N ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិស្រីលង្កា សញ្ជាតិស្រីលង្កា កាន់លិខិតឆ្លងដែនលេខ N6652131 មុខរបរអគ្គនាយកក្រុមហ៊ុន ស្នាក់នៅភូមិ១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មានទិសដៅស្របគ្នា។

ករណីគ្រោះថ្នាក់នេះមិនបង្កឲ្យមានមនុស្សរងរបួសទេ បណ្ដាលឲ្យខូចខាតរថយន្តទាំង០២គ្រឿងកំរិតធ្ងន់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក។ ដោយសារអ្នកបើកបរបង្កហេតុ ជាជនជាតិចិន ដូចមានឈ្មោះខាងលើ មិនព្រមសារភាព និងបានប្រាប់សមត្ថកិច្ចថា ខ្លួនគេមិនមែនជាអ្នកបើកបរទេ អ្នកបើកបរគឺ ជានារីខ្មែរម្នាក់ ដែលរូបគេស្គាល់នៅហាងផឹកស៊ី (មិនស្គាល់ឈ្មោះ) ជាអ្នកជូនរូបគេទៅរកកន្លែងដេក។ ​

ក្រោយពីបានធ្វើការស្រាវជ្រាវ និងមានសាក្សីបញ្ជាក់ កម្លាំងជំនាញបានសន្និដ្ឋានថា អ្នកបើកបររថយន្តម៉ាក LEXUS RX300 បង្កគ្រោះថ្នាក់ចរាចរណ៍ជាជនជាតិចិនឈ្មោះ CHENG GIMAN ភេទប្រុស ពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងជំនាញកំពុងរៀបចំសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕