(ភ្នំពេញ)៖ សាលា​ប៊ែលធី​អន្តរជាតិ បានរៀបចំកម្មវិធី «ប្រកួតប្រជែងនិយាយភាសា អង់គ្លេស (English Speaking Contest Program)» វគ្គផ្តាច់ព្រ័ត្រលើក​ទី១០ សម្រាប់សិស្សភាសាអង់គ្លេស Level3 ​Level6 Level9 និង​ Level12 នៅសាលា​ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) ដែលមានបេក្ខជន​វគ្គផ្តាច់ព្រ័ត្រ ចំនួន​២៤នាក់ មកពី១៤សាខា ក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជា​ប្រធាន​គណៈគ្រប់គ្រងនាយកសាខា តំណាងលោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប។

តាមរបាយការណ៍ លោក ចាន់ ទីតា ប្រធានការិយាល័យ ESL បានឲ្យដឹងថា បច្ចុប្បន្ននេះ​សាលា ប៊ែលធី អន្តរជាតិ មាន២១​សាខា ក្នុងនោះ​១៩​សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់​ដែលមានសិស្សកំពុងសិក្សា​៣៦,៦០៨នាក់​។ កម្មវិធីសិក្សាផ្នែកភាសា​អង់គ្លេសទូទៅ ត្រូវបានរៀបចំសម្រិត សម្រាំងតាមស្តង់ដារអន្តរជាតិ ហើយសៀវភៅសិក្សា ត្រូវបានសហការគាំទ្រដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក។

ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជា ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិន​ល្បីៗ ដល់សិស្សគ្រប់កម្រិតចាប់ពី Preschool​1 ដល់​Level12។ នៅពេលបញ្ចប់ Level​12 សិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស​ទទួលបានពិន្ទុ TOEFL ឬ IELTS យ៉ាងតិច​៦.៥ឡើង ដែលអាចដាក់ពាក្យសុំ​អាហារូបករណ៍​ទៅសិក្សានៅក្រៅប្រទេស។

ជាមួយគ្នានេះ លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានថ្លែងនូវការកោតសរសើរ ចំពោះប្អូនៗ​ដែលបានខិតខំយកចិត្តទុក ដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម​រហូតទទួលបានជយលាភីនាពេលនេះ។

លោកអគ្គនាយករង ក៏បានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើង​ក្នុងគោលបំណងពង្រឹង គុណភាព ក្នុងការនិយាយផ្នែកភាសាអង់គ្លេស​ ឲ្យកាន់តែប្រសើរឡើង ថែមទៀត ព្រមទាំង​ផ្តល់ឱកាសឲ្យសិស្សានុសិស្ស ដើម្បីបង្ហាញនូវសមត្ថភាព ឆ្លាតវៃ និងស្វែងរកអ្នកដែលពូកែ​បំផុត​ឲ្យស្របតាមបាវចនាប៊ែលធី «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌»

លោកអគ្គនាយករង ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំរៀនសូត្រ ដើម្បីមាន​សមត្ថភាពគ្រប់គ្រាន់ផ្នែកភាសាអង់គ្លេស ហើយអាចបន្តការសិក្សាថ្នាក់ មហាវិទ្យាល័យនានា​នៅក្នុង និងក្រៅប្រទេស ដែលអាចមានសមត្ថភាពចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងក្លាយជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អ ក្នុងការអភិវឌ្ឍប្រទេសជាតិ ទៅថ្ងៃអនាគត។

បន្ថែមពីនេះ លោក លី ប៊ុនឆៃ ​បានថ្លែងអំណរគុណ​ចំពោះអាណា​ព្យាបាលសិស្សទាំងអស់ ដែលតែងតែគាំទ្រសាលា​ប៊ែលធី អន្តរជាតិ ហើយក្នុងឱកាស​បវេនសកាលថ្មី ចូលរៀនថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ សាលានឹងផ្តល់ជូននូវកម្មវិធីពិសេស ដូចជា​ថ្នាក់ចំណេះទូទៅ បង់ថ្លៃសិក្សា រយៈពេល​១ឆ្នាំ ផ្តល់ជូន​ឯកសណ្ឋាន​២កំប្លេ (ផុត​កំណត់ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ២០១៨) និង​ថ្នាក់ភាសាអង់គ្លេស បង់ថ្លៃសិក្សា​១វគ្គ ផ្តល់ជូន​សៀវភៅគូល័រច្បាប់ដើម​១ឈុត (ផុតកំណត់ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ២០១៨)​ផងដែរ។

ជាទីបញ្ចប់ ​អគ្គនាយករង ប៊ែលធីគ្រុប ក៏បានប្រគល់មេដាយមាស មេដាយ ប្រាក់ មេដាយ សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស​ជ័យលាភី កម្រិតទី៣ ទី៦ ទី៩ និងទី១២ ចំនួន​១២នាក់ផងដែរ៕