(ភ្នំពេញ)​៖​​ លោក​ កៅ​ សារ៉ាវុធ​ អភិបាលរងខណ្ឌជ្រោយចង្វារ​ នៅថ្ងៃទី១០​ ខែសីហា​ ឆ្នាំ​២០១៨​នេះ បានដឹកនាំកម្លាំងចម្រុះ​ ចុះប្រតិបត្តិការទីតាំងសង្វៀនជល់មាន់​​មួយកន្លែង​ ដោយបានឃាត់ខ្លួនមនុស្សចំនួន​ ១២នាក់​, ម៉ូតូចំនួន​ ៣៧គ្រឿង,​ រថយន្ត​មួយ​គ្រឿង,​ និងមាន់ជល់ចំនួន​ ៧ក្បាល​ ដែលស្ថិតនៅក្នុងភូមិគៀនឃ្លាំង​ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ​។

លោក​ កៅ​ សារ៉ាវុធ​ បានប្រាប់ឲ្យដឹងថា​ មានការរាយការណ៍ពីប្រជាពលរដ្ឋនៅជិតនោះ​ថា​ មានកន្លែងបើកលេងល្បែងស៉ីសងមាន់ជល់​មួយកន្លែង​ ស្ថិតក្នុងភូមិគៀនឃ្លាំង​ សង្កាត់ជ្រោយចង្វារ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមៗ​ លោក​ ឃ្លាំង​ ហួត​ អភិបាលខណ្ឌជ្រោយចង្វារ​ បានបញ្ជាឲ្យលោក​ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងជល់មាន់ខាងលើនេះ​។

នៅក្នុងប្រតិបត្តិការខាងលើនេះ​ កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនមនុស្សចំនួន​ ១២នាក់​,​ ម៉ូតូ​ ៣៧គ្រឿង​,​ រថយន្ត​ Tundra មួយគ្រឿង,​ និងមាន់​ជល់​ចំនួន​ ៧ក្បាល​ រួមនឹងសម្ភារមួយចំនួនដែលបម្រើឲ្យសង្វៀនជល់មាន់។​ កម្លាំងជំនាញបាននាំខ្លួនមនុស្សទាំងអស់នោះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ ដើម្បីកសាងសំណុំរឿង​ ចាត់ការបន្តតាមនីតីវិធី៕