(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះឲ្យដឹងថា Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានក្រុមកម្លាំងជំនាញយកមកគ្រប់គ្រងវិញបានហើយ នៅម៉ោងប្រមាណ១រសៀលថ្ងៃនេះ បន្ទាប់ពីបាន Hack ចូលគ្រប់គ្រងតាំងពីម៉ោង១១៖១៦នាទីថ្ងៃសុក្រនេះ (ជាង២ម៉ោង)។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការដែលយក Facebook នេះមកគ្រប់គ្រងវិញបាន ដោយសារតែមានកិច្ចសហប្រតិបត្តិការពីក្រុមហ៊ុន Facebook ផ្ទាល់តែម្តង ហើយនៅពេលនេះកម្លាំងជំនាញបានរកឃើញតម្រុយមួយចំនួនហើយ ក្នុងនោះគឺជនទុច្ចរិតដែលវាយប្រហារ (Hack) Facebook សម្តេចតេជោ ហ៊ុន សែន គឺមាននិន្នាការប្រឆាំង ដែលអ្នកខ្លះ កំពុងលាក់ខ្លួននៅក្រៅប្រទេស។ ហើយលោកអះអាងថា កម្ពុជានឹងសហការជាមួយប៉ូលិសអន្តរជាតិ (Interpol) ដើម្បីតាមចាប់ខ្លួនក្រុម Hacker ទាំងនោះ។

លោកបានបញ្ជាក់ទៀតថា ចេតនារបស់ក្រុម Hacker ដែលវាយប្រហារ Facebook សម្តេចតេជោ គឺគោលបំណងដើម្បីបំផ្លាញដល់សន្តិសុខ និងបង្កភាពភាន់ច្រឡំចំពោះ ការបោះឆ្នោតនៅកម្ពុជា ចំពោះករណីនេះក្រុមជំនាញកំពុងរៀបចំកសាងសំណុំរឿងទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង (Hack) នេះបើតាមការបញ្ជាក់របស់ ដួង តារា អ្នកគ្រប់គ្រង Facebook របស់សម្តេចតេជោ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News បន្ទាប់ពី Hack ប៉ុន្មាននាទី។

ក្រោយពី Hack បានភ្លាមៗក្រុមអនាមិកបានបង្ហោះព័ត៌មានបំភាន់សាធារណជនអំពីការបែងចែកអាសនៈ ដែលគណបក្សប្រជាជន នឹងទទួលបាន ទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាមួយនោះក្រុម Hacker បានលុបចោលនូវព័ត៌មានមួយចំនួនចេញពី Facebook ផ្លូវការរបស់សម្តេចតេជោ៕