(កំពង់ស្ពឺ)៖ ក្រុមអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករ កម្មការិនី រោងចក្រសាប្រីណាចំនួន៦៨នាក់ នៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានទទួលបណ្ណបើកបរពីបេឡាជាតិរបបសន្តិសុខសង្គម បន្ទាប់ពីពួកគេបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល និងធ្វើការប្រឡងទាំងទ្រឹស្ដី និងកាន់ដៃចង្កូតបើកបរ ត្រួតពិនិត្យយ៉ាងត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់ ។

ការទទួលបានបណ្ណបើកបរនេះ ត្រូវបានបញ្ជាក់ដោយ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅក្នុងពិធីចែកបណ្ណបើកបរ ជូនអ្នកបើកបរយានយន្ដដឹកកម្មករនិយោជិតនៅរោងចក្រ SABRINA (CAMBODIA) GARMENTMANUFACTURING CORP ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នេះ។

លោក អ៊ុក សមវិទ្យា បានថ្លែងបន្តថា ក្រុមអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករ កម្មការិនី រោងចក្រសាប្រីណាចំនួន ៦៨នាក់ ដែលទទួលបណ្ណបើកបរនៅពេលនេះ គឺជាផ្លែផ្កាមួយ ក្នុងចំណោមផ្លែផ្កាជាច្រើនទៀត ដែលបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយអគ្គនាយកនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណៈការនិងដឹកជញ្ជូន ធ្វើការបណ្ដុះបណ្ដាល និងធ្វើការប្រឡងទាំងទ្រឹស្ដី និងការកាន់ដៃចង្កូតបើកបរយ៉ាងត្រឹមត្រូវទៅតាមច្បាប់ដែលបានកំណត់។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស រូបនេះ បានថ្លែងទៀតថា អ្នកបើកបរយានយន្តដឹកកម្មករ កម្មការិនីទាំងអស់ បើចេះច្បាប់ហើយ មានបណ្ណបើកបរហើយ ដាច់ខាតត្រូវគោរពច្បាប់ចរាចរណ៍ ពិសេសត្រូវគោរពក្រមសិលធម៌វិជ្ជាជីវៈជំនាញ ជាអ្នកបើកបរឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា និងមិនត្រូវធ្វេសប្រហែសនោះឡើយ។ លោកបន្តថា អាយុជីវិតកម្មករ កម្មការិនីទាំងអស់ ត្រូវបានពឹងផ្អែកទាំងស្រុងទៅលើអ្នកបើកបរយានយន្ត ទាំងពេលទៅបំពេញការងារ និងពេលត្រឡប់មកវិញផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កន្លងមក បានផ្ដល់អនុសាសន៍ថា «ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។ គ្រោះថ្នាក់ចរាចរ ដែលកើតឡើង ដោយមិនគោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវ មិនត្រឹមតែធ្វើឱ្យបាត់បង់មនុស្សជាទីស្រឡាញ់ ឬពិការអស់មួយជីវិតនៅលើទ្រូងផ្លូវសាធារណៈនោះទេ ប៉ុន្តែវាបណ្ដាលឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ រួមទាំងសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។

យោងតាមរបាយការណ៍ ពីក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានបង្ហាញថា គ្រាន់តែនៅខែកក្កដា ឆ្នាំ២០១៨នេះ មានកម្មករ កម្មការិនីរងគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលទៅ និងមកបំពេញការងារ នៅក្នុងទូទាំងប្រទេស មានចំនួន ១៨៣នាក់ ដោយសារការល្មើសច្បាប់ចរាចរណ៍។

ពាក់ព័ន្ធនឹងបញ្ហានេះ ស.ផ.ក បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៣ រហូតដល់ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមការងារបានបណ្ដុះបណ្ដាល និងប្រឡងយកបណ្ណបើកបរ របស់អ្នកបើកបរយានយន្តដឹកកម្មករ កម្មការិនី មានចំនួន ២២៣លើក មានអ្នកចូលរួមសរុបចំនួន ១០,៤៧២នាក់។ ក្នុងនោះ ប្រឡងយកបណ្ណបើកបរ ចំនួន ៤៥លើក អ្នកបើកបរចូលរួមសរុប ៣,៤៨៥នាក់ ជាប់ជាស្ថាពរចំនួន ២,៤១២នាក់ និងបានផ្ដល់បណ្ណបើកបរ ដល់អ្នកបើកបររថយន្តដឹកកម្មករ ចំនួន ២៣លើក អ្នកដែលត្រូវទទួលបណ្ណ ចំនួន ២,០៦០នាក់។

សម្រាប់ខែមករា ដល់ខែកក្កដា ឆ្នាំ២០១៨ នេះទៀត បានប្រជុំផ្សព្វផ្សាយអប់រំដល់អ្នកបើកបររថយន្ដដឹកកម្មករ បានចំនួន ១៤៨លើក អ្នកចូលរួម ២៩,៥៦២នាក់។ បណ្ដុះបណ្ដាល ចំនួន ៧៣លើក អ្នកចូលរួម ២,៩៣៥នាក់ ប្រឡងយកបណ្ណបើកបរ ចំនួន ០៥លើក អ្នកចូលរួមសរុប ៣៦៥នាក់ ជាប់ជាស្ថាពរចំនួន ៣៥២នាក់។

បច្ចុប្បន្នភាពចំនួនយានយន្តដឹកកម្មករនិយោជិតទូទាំងប្រទេស ឆ្នាំ២០១៨ មានចំនួន ៤,៣៦៩គ្រឿង (រថយន្តទេសចរណ៍ចំនួន ១,៤៨០គ្រឿង ស្មើនឹង ៣៤% និងរថយន្តប្រភេទដឹកទំនិញចំនួន ២,៨៨៩គ្រឿង ស្មើនឹង ៦៦%) ក្នុងនោះអ្នកមានបណ្ណ ៣,៨៥៥នាក់ ស្មើនឹង ៨៨% និងអ្នកគ្មានបណ្ណ ៥១៤នាក់ ស្មើនឹង ១២% ។

បើតាមរបាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា បច្ចុប្បន្ន អ្នកបើកបរយានយន្តដឹកកម្មករចំនួន ១៨% ពុំទាន់មានបណ្ណបើកបរ និងអ្នកបើកបរយានយន្ដដឹកកម្មករចំនួន ៨៥% ផ្សេងទៀត ពុំទាន់មានបណ្ណបើកបរស្របតាមប្រភេទយានយន្ដ ដែលទាមទារឱ្យមានការចូលរួមបណ្ដុះបណ្ដាលបន្ថែមទៀតពីអ្នកបើកបរយានយន្ត ដើម្បីចេះច្បាប់ចរាចរណ៍ និងយកទៅអនុវត្តន៍ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ៕