(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានបន្តចុះថ្លែងអំណរគុណ​ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជន ឲ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ព្រមទាំងផ្សព្វផ្សាយអំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កន្លងទៅ​ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ស្ពានថ្ម។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌដង្កោ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះ​ប្រជាពលរដ្ឋ​ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា​ឲ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងប្រកាសអំពីលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន​ ដែលគណបក្សប្រជាជន​បានទទួលជ័យជម្នះ នៅទូទាំងប្រទេស​និយាយជារួម និងនិយាយដោយឡែក​ចំពោះខណ្ឌដង្កោ​ និងសង្កាត់ស្ពានថ្ម ទទួលបានជ័យជម្នះ​យ៉ាងភ្លូកទឹកភ្លូកដី ដែលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីការស្រលាញ់​ពេញចិត្តការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងត្រូវការសម្តេច ដើម្បីដឹកនាំប្រទេស បន្តរក្សាសន្តិភាព និងការអភិវឌ្ឍ​បន្តទៀត។​

បន្ថែមពីនេះ លោក នុត ពុធដារ៉ា បានផ្តាំផ្ញើ​ការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជានិច្ចកាល​សម្តេចទាំងទ្វេរតែងគិតគូពីសុខទុក្ខ ការលំបាក និងកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។​

ជាមួយគ្នា លោកអភិបាលខណ្ឌ ក៏បានធ្វើការស្វែងយល់អំពីសំណើ និងតម្រូវការផ្សេងៗ របស់ប្រជាពលរដ្ឋមកដោះស្រាយ ឲ្យបានទាន់ពេលវេលា ស្របតាមអនុសាសន៍​របស់សម្តេចតេជោ ហ៊ុន សែន ​ក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនទ្វេរដង៕