(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានណែនាំឲ្យប្រធានផ្សារទួលទំពូង និងអភិបាលខណ្ឌចំការមន រៀបចំសណ្តាប់ធ្នាប់ ទាំងក្នុងនិងក្រៅផ្សារ ឲ្យបានកាន់ តែប្រសើរឡើងថែមទៀត ខណៈផ្សារទួលទំពូង ត្រូវបានរៀបចំ និងមានសណ្តាប់ធ្នាប់ ប្រសើរឡើងមួយកំរិតហើយ នាពេលកន្លងមក។

ក្នុងឱកាសអញ្ជើញ សួរសុខទុក្ខអាជីវករ និងពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ នៅផ្សារទួលទំពូង នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង បានណែនាំបន្ថែម ចំពោះការរៀបចំសណ្តាប់ធ្នាប់ ឲ្យបានប្រសើរឡើងទៀតព្រោះផ្សារនេះ បានអូសទាញនូវអ្នកទេសចរអន្តរជាតិជាច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ ។

លោក ឃួង ស្រេង ក៏បានបញ្ជាឲ្យលោក ចំរើន សុខលីម ប្រធានផ្សារទួលទំពូង បើកផ្លូវឲ្យបានធំទូលាយ ដើម្បីងាយស្រួលចេញ-ចូល។ ដោយឡែកនៅក្រៅបរិវេណ ផ្សារវិញ អភិបាលក៏បានជំរុញឲ្យលោក ព្រំ សំខាន់ អភិបាលខណ្ឌចំការមន រៀបចំសណ្តាប់ធ្នាប់ នៅតាមមុខផ្ទះជុំវិញផ្សារ ពិសេសជំរុញឲ្យកាត់ទំលាក់ខ្សែភ្លើង ខ្សែកាប ដែលមានភាពរញ៉េរញ៉ៃ នៅតាមបង្គោលភ្លើងចេញ ដើម្បីឲ្យមានសោភណ្ឌភាព និងសណ្តាប់ធ្នាប់ល្អ។

បន្ទាប់មកលោក ចំរើន សុខលីម បានឲ្យដឹងផងដែរថា ផ្សារទួលទំពូងមានតូបលក់ដូរ ចំនួន១៣៧៤តូប ហើយតូបភាគច្រើនលក់ វត្ថុអនុស្សាវរីយ៍ ដែលមានរចនាបទខ្មែរបុរាណ លក់គ្រឿងបន្លាស់ម៉ូតូ រួមតូបលក់ខោអាវមួយចំនួនផងដែរ។

ប្រធានផ្សារទួលទំពូង រូបនេះ បានបន្ថែមទៀតថា ចំពោះបញ្ហាសណ្តាប់ធ្នាប់របៀបរៀបរយ ទាំងក្នុងនិងក្រៅផ្សារ គណៈកម្មាធិការផ្សារ បានរៀបចំបានល្អមួយកំរិតហើយ ក្នុងនោះ ក្នុងមួយសប្តាហ៍ ក៏បានបាញ់ទឹកលាងផ្សារ ចំនួន២ដងជាប្រចាំផងដែរ៕