(ប៉ៃលិន)៖ បន្ទាប់ពីប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ ជួយដាក់ភ្លើងបំភ្លឺផ្លួវនាពេលយប់នៅតាមដងផ្លូវជាតិ ជាពិសេសត្រង់ចំនុចផ្លូវបំបែក ផ្លូវកោង និងផ្លូវកន្លែងស្ងាត់ជាដើម ដែលតែងតែបង្កឲ្យមានបញ្ហាផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ជាដើមនោះ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ ព្រមទាំងក្រុមការងារ អញ្ជើញពិនិត្យមើលទីតាំង សម្រាប់ដាក់ភ្លើងបំភ្លឺផ្លូវ ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ នៅតាមដងផ្លូវជាតិក្នុងខេត្តប៉ៃលិន។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តប៉ៃលិន បានចាប់ផ្តើមដាក់បង្គោលភ្លើងបំភ្លឺផ្លូវ ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ នៅតាមដងផ្លូវជាតិក្នុងខេត្ត ប្រមាណជាង ១០០ដើម ពីព្រោះនៅពេលយប់ ងងឹតខ្លាំង ហើយក៏តែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ជាពិសេសនៅចំណុចផ្លូវបំបែក ផ្លូវកោង និងផ្លូវកន្លែងស្ងាត់ជាដើម។

លោកអភិបាលខេត្តបានបញ្ជាក់ថា ភ្លើងបំភ្លឺផ្លូវនាពេលរាត្រីនេះ មិនត្រឹមតែសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺជួយសម្រួលដល់អ្នកដំណើរជាតិ និងអន្តរជាតិ ព្រមទាំងឡានដឹកទំនិញតូចធំធ្វើដំណើរឆ្លងកាត់ទាំងយប់ទាំងថ្ងៃរៀងរាល់ថ្ងៃផងដែរ ជាពិសេសបានជួយលើកសម្រស់ និងសោភ័ណភាពខេត្ត នាពេលរាត្រី ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តឲ្យបានកាន់តែច្រើន។ ជាចុងក្រោយលោក ផាន់ ចាន់ធុល បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅក្បែរបង្គោលភ្លើង សូមជួយថែរក្សាទាំងអស់គ្នា ដើម្បីធានាដល់ការប្រើប្រាស់ជាប្រយោជន៍សាធារណៈបានយូអង្វែង។

សូមបញ្ជាក់ថា បង្គោលភ្លើងបំភ្លឺផ្លូវ ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដែលដាក់នៅតាមដងផ្លូវជាតិក្នុងខេត្តប៉ៃលិននាពេលនេះ គឺប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលខេត្ត ហើយក្រុមហ៊ុនចិនជាអ្នកអនុវត្តន៍គម្រោងដោយក្នុង ១ដើម តម្លៃប្រមាណជិត ១,០០០ដុល្លា៕