(ភ្នំពេញ)៖ ​រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បានអនុញ្ញាតឲ្យលោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសទាំងពីរ​ ទៅលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

តាមរយៈជំនួបពិភាក្សាការងារនេះ ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឲ្យកាន់តែល្អប្រសើរ ជាពិសេសលើគម្រោង Digital Village ដែលនឹងជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ ដែលក្នុងនោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌាបានចាត់ក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) ជាតំណាងក្នុងការទទួលរ៉ាប់រងលើ ការអនុវត្តគម្រោងសាកល្បងខាងលើនៅកម្ពុជា។

ក្រុមហ៊ុន TCIL បានបញ្ជូនក្រុមការងារ ដែលមានមន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញបច្ចេកទេស មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចសិក្សានេះ ក្រុមការងាររបស់ក្រុមហ៊ុន TCIL ក៏បានជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំតំណាងក្រសួង ដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

តាមរយៈកិច្ចពិភាក្សានោះ ភាគីឥណ្ឌា បានសម្រេចជ្រើសរើសយក ស្រុកទ្រាំង ខេត្តតាកែវ ជាកន្លែងសាកល្បងដំបូងក្នុងការអនុវត្តគម្រោងភូមិឌីជីថល (Digital Village)។

​លោក អ៉ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា គម្រោងភូមិឌីជីថល គឺផ្ដោតខ្លាំងទៅកសិករ និងកសិកម្ម ដោយត្រូវកំណត់ឲ្យមានប្រព័ន្ធមួយដើម្បីធ្វើការផ្សព្វផ្សាយដល់កសិករ ដូចជាប្រកបរបរការដាំដុះ ផ្នែកកសិកម្ម, ទីផ្សារកសិកម្ម ដើម្បីសម្រួលដល់កសិករដែលរស់នៅតាមទីជនបទ ដែលមិនមានព័ត៌មានទៅដល់៕