(ភ្នំពេញ)៖ គ្រូបង្រៀនម្នាក់ពាក់ព័ន្ធករណីគំរាមសម្លាប់ ជនរងគ្រោះតាមបណ្តាញសង្គម Facebook ហើយមានផ្ទុកសាធាតុញៀនក្នុងខ្លួនផងនោះ ត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពីបទ «គម្រាបថានឹងសម្លាប់» តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសាលាដំបូង ប្រាប់អ្នកយកព័ត៌មាន អង្គភាព Fresh News នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ។

គូរំលឹកថា បើតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ យន ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្រូបង្រៀន មានផ្ទុកសារធាតុញៀន ទីលំនៅផ្ទះគ្មានលេខ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ សុន គីមសា អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុ Active People ទីលំនៅផ្ទះលេខ៣១ E0 ផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យកាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្ទះលេខ៣១ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយប្តឹងចោទប្រកាន់ថា ជនសង្ស័យបានគំរាមសម្លាប់ តាមបណ្តាញសង្គម Facebook។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច ដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកZoomer-X ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1GD-3145 និងទូរស័ព្ទ១គ្រឿង៕