(ភ្នំពេញ)៖ ជនត្រូវចោទម្នាក់ត្រូវបានលោកស្រី ថ្លាង ផាណែត ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បានបើកសវនាការ ប្រកាសសាលក្រមលើកលែង ការចោទប្រកាន់ ពីបទ រំលោភសេពសន្ថវៈ។

បុរសត្រូវចោទនោះ មានឈ្មោះ ហៀង ឧត្តម ត្រូវបាន លោក សឿន មុនីរ័ត្ន ជាតំណាងអយ្យការ និងចៅក្រមស៊ើបសួរ នៃសាលាដំបូងបញ្ជូនសំណុំរឿងទៅជំនុំជម្រះ ពីបទ រំលោភសេពសន្ថវៈ យោងតាមមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ។

អ្នកយកព័ត៌មាន បានសុំការបញ្ជាក់ ចំពោះសេចក្តីសម្រេចលើកលែងចោទប្រកាន់លើជនជាប់ចោទខាងលើនេះ ពីលោក សឿន មុនីរ័ត្ន ជាតំណាងអយ្យការ ដែលកាន់សំណុំរឿងនេះដែរ ប៉ុន្តែលោកបានឲ្យដឹងថា នៅថ្ងៃប្រកាសសាលក្រម រូបលោកសុំច្បាប់ មិនបានចូលរួមសវនាការនោះទេ គឺមានព្រះរាជអាជ្ញារងផ្សេងជាអ្នកជំនួស ដូច្នេះលោកអត់ដឹងនោះទេ។

សូមបញ្ជាក់ថា នៅក្នុងសវនាការកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ជនរងគ្រោះ និងគ្រួសារជនរងគ្រោះ បានសុំដកពាក្យបណ្តឹង ឈប់ប្តឹងជនជាប់ចោទនេះ ទំនងជាសំអាងហេតុនេះហើយ ទើបនាំឲ្យមានការដោះលែង ប៉ុន្តែបើយោងតាមមាត្រា៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានចែងថា ការរលត់បណ្តឹងនៃអាជ្ញារមិនធ្វើទៅបានដោយសារការដកបណ្តឹងរបស់ជនរងគ្រោះទេ នេះបើតាមការបញ្ជាក់របស់អ្នកច្បាប់។

ចំណែកជនជាប់ចោទអះអាងថា នេះជាស្នេហាស្មោះស រវាងរូបគេ និងជនរងគ្រោះ មិនមែនជាអំពើចាប់រំលោភនោះទេ ប៉ុន្តែស្នេហាមួយនេះ បានធ្វើឲ្យរូបគេជាប់គុកមួយរយៈ៕