(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក​គ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បាន​ធ្វើសន្និសីទសារព័ត៌មាន​នៅទីស្តីការ​ក្រសួងមហាផ្ទៃ ដើម្បីលម្អិតអំពីកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើស៤ករណី រឹបអូសវត្ថុតាងបានជិត១០០តោន នាពេលកន្លងទៅ។​

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាយ​ឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈ​កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក​គ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម បានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងស្ថិតក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ។

បើតាមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រតិបត្តិការបង្ក្រាបបទល្មើសទាំង៤ករណីនោះរួមមាន៖

ទី១៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការ បានចុះបង្ក្រាបករណីបើកសិប្បកម្មផលិតកាហ្វេក្លែងក្លាយ និងខុសច្បាប់ ស្ថិតនៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដកហូតបានវត្ថុតាងចំនួន១០មុខ ស្មើនឹង៧តោន ឃាត់ខ្លួនបានជនសង្ស័យម្នាក់។

ទី២៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការ បានចុះបង្ក្រាបករណីបើកទីតាំងផលិតប៉ាតេ មិនអនុលោមតាមច្បាប់ ស្ថិតនៅផ្លូវលំ​ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតបានវត្ថុតាងចំនួន១៤មុខ ស្មើនឹង៥តោន។

ទី៣៖នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការ បានចុះបង្ក្រាបករណីបើកសិប្បកម្មផលិតម្រេច និងកាហ្វេ មិនអនុលោមតាមច្បាប់ ស្ថិតនៅផ្ទះលេខ២E0 ផ្លូវ២២៦ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដកហូតបានវត្ថុតាង១៣មុខ ស្មើនឹង១៨តោន។

និងទី៤៖នៅថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការ បានចុះបង្ក្រាបករណីនាំចូល ផលិត និងវិចខ្ចប់ក្លែងក្លាយ និងខុសច្បាប់ នូវផលិតផលទឹកសុទ្ធម៉ាក Saint Amand, ទឹកសុទ្ធម៉ាក Evain, ស្រាបៀ Corona និងផលិតផលមួយទៀត ស្ថិតនៅផ្ទះលេខ១០៣B ផ្លូវលំ ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដកហូតវត្ថុតាងចំនួន១៣មុខ ស្មើនឹង៥៨តោន។

នាយឧត្តមសេនីយ៍ ប្រធានគណៈកម្មាធិការ បានគូសបញ្ជាក់ថា ចំពោះប្រតិបត្តិការបង្ក្រាបនេះ គឺក្រុមប្រតិបត្តិការពិសេស នៃគណៈកម្មាធិការ បានធ្វើឡើងតាមបណ្ដឹងរបស់ក្រុមហ៊ុនដើម ដោយបានសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធនានាក្នុងគណៈកម្មាធិការ ព្រមទាំងមានកិច្ចសហការពីអាជ្ញាធរដែនដី ដើម្បីស្រាវជ្រាវស៊ើបអង្កេតអំពីបទល្មើសផលិតផលក្លែងក្លាយ និងខុសច្បាប់ រហូតដល់ឈានទៅធ្វើការបង្ក្រាបបានដោយជោគជ័យ ព្រមទាំងធ្វើការដកហូតនូវវត្ថុតាងជាច្រើន។

ទន្ទឹមនឹងនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្ក​គ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម សូមអំពាវនាវដល់សាធារណៈជន មេត្ដាចូលរួម និងសហការផ្ដល់ព័ត៌មានអំពីទីតាំង ឬជនដែលលួចនាំចូលរក្សាទុក ផលិត កែច្នៃ ចែកចាយផលិតផលក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម សូមទាក់ទងផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ 012 58 13 13/ 015 58 13 13 រាល់ព័ត៌មានគឺត្រូវរក្សាការសម្ងាត់៕​