(ហ្កាតេម៉ាឡា)៖ ភ្នំភ្លើងហ្វឺហ្គោ (Fuego) ដែលបានផ្ទុះ​ឡើង និងសម្លាប់មនុស្សជិត ៣០០នាក់ កាលពីជាងពីរខែមុន បានផ្ទុះ​ឡើងជាថ្មីម្ដង​ទៀតកាលពី​ល្ងាច​ថ្ងៃអាទិត្យ នៅប្រទេសហ្គាតេម៉ាឡា នៃតំបន់​អាមេរិកកណ្តាល។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។

ជាមួយគ្នា​នោះដែរ អាជ្ញាធរបានចេញ​បញ្ជាឱ្យប្រជាជនត្រូវ​ជម្លៀសខ្លួន ទៅរកកន្លែងមាន​សុវត្ថិភាពជាបន្ទាន់ ព្រមទាំងត្រូវ​ស្ថិតនៅ​ឱ្យឆ្ងាយពីតំបន់ក្បែរ​ភ្នំភ្លើង ជាទីដែលដុំថ្ម​ធំត្រូវបានគេរំពឹងថា​ អាចផ្ទុះចេញ​មកក្រៅ។ ភ្នំភ្លើង Fuego បានផ្ទុះម្ដង​រួចមក​ហើយ​កាលពីជាងពីរ​ខែមុន ដោយសម្លាប់មនុស្សជិត ៣០០នាក់ និងបង្ខំឱ្យប្រជាជន​​ហ្គាតេម៉ាឡា​រាប់ពាន់នាក់ ភៀសខ្លួនចេញពី​ផ្ទះសម្បែង​របស់​ពួកគេ។

គួរបញ្ជាក់ថា ក្រៅតែពី​ផ្ទុះភ្នំភ្លើង អាជ្ញាធរហ្គាតេម៉ាឡា និងវិទ្យាស្ថាន​ស្ទាបសង់ភូមិសាស្ត្រអាមេរិក​ក៏បានអះអាងថា គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ បានវាយប្រហារ​លើតំបន់ស្ថិត​នៅចំងាយ ៤៧គីឡូម៉ែត្រ ពីទីក្រុងភឺតូសាន់ចូសេ (Puerto San Jose) ប្រទេសហ្គាតេម៉ាឡា កាលពីថ្ងៃសៅរ៍​ផងដែរ៕