(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ​ បានថ្លែងថា លោក ប្រេត អាដាម ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស ​(Human Rights Watch) គឺជាបុគ្គលល្ងង់ខ្លៅ និយាយផ្សព្វផ្សាយតែពាក្យមិនពិត ហើយយកតែសម្តីពពួកឧក្រិដ្ឋជន ដែលប្រព្រឹត្តអំពើបំផ្លិចបំផ្លាញសង្គមជាតិខ្លួនឯង និងយកសម្តីយោមរាជជាសំអាងតែប៉ុណ្ណោះ។

លោក ម៉ក់ ជីតូ បានបញ្ជាក់ថា «ខ្ញុំមិនតបតអីទេ តែត្រូវនិយាយខ្លះឲ្យសាធារណៈមតិជាតិ និងអន្តរជាតិយល់ដឹង អំពីឧបាយកលទុច្ចរិតរបស់បុគ្គល ប្រេត អាដាម។ ច្រើនលើក និងច្រំដែលៗ តាមរយៈបណ្ដាញព័ត៌មានទុច្ចរិតមួយចំនួនដូចជាអាស៊ីសេរី...បុគ្គលល្ងិតល្ងង់ ប្រេត អាដាម ដែលជាប្រធានរបស់អង្គការស្មោកគ្រោក ឃ្លាំមើលសិទ្ធមនុស្ស បានប្រឌិតផ្សព្វផ្សាយព័ត៌មាន មូលបង្កាច់ឥស្សរជន ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា»

លោក បានបន្តថា «បុគ្គល ប្រេត អាដាមនេះ ជាបុគ្គលល្ងិតល្ងង់ រវើរវាយ ដោយមោហោ ទោសោ និយាយផ្សព្វផ្សាយតែពាក្យមិនពិត ហើយយកតែសម្តីពពួកឧក្រិដ្ឋជន ដែលប្រព្រឹត្តអំពើបំផ្លិចបំផ្លាញសង្គមជាតិ មកធ្វើជាសំអាង»

បើតាមលោក ម៉ក់ ជីតូ ឲ្យដឹងថា ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានប្រឌិតថា ក្រុម A3 គឺជាក្រុមសម្ងាត់សម្រាប់ចាប់ជំរិត ធ្វើឃាតជាដើម ដែលផ្ទុយពីការពិតទាំងស្រុង។ លោកថា ក្រុម A3 ឈ្មោះពិត «A386» គឺជាក្រុមស៊ើបការណ៍ប្រដាប់អាវុធ បង្កើតឡើងនៅខែមីនា ឆ្នាំ១៩៨៦ មានភារកិច្ចប្រហាក់ប្រហែលនឹងក្រុមសង្គ្រាមទ័ពព្រៃរបស់យោធាដែរ។ រួមជាមួយកងយោធពលខេមរភូមិន្ទ ក្រុមA3 មានស្នាដៃធំធេងណាស់ ក្នុងការវាយបង្ក្រាបពួកទ័ពខ្មែរក្រហម ដែលសូម្បីតែពេលចរចារជាមួយរដ្ឋាភិបាលក៏លោក ខៀវ សំផន បានស្នើសុំរំលាយក្រុម A3 នេះផងដែរ។

ពាក់ព័ន្ធការចោទប្រកាន់ដ៏ឆ្កួតលីលាច្រំដែលៗ តាមបណ្ដាញផ្សព្វផ្សាយទុច្ចរិតបែបនេះ លោក ម៉ក់ ជីតូ បានប្រាប់ទៅ ប្រេតអាដាម វិញថា «បើជាមនុស្ស»៖

១៖ តើ ប្រេត អាដាម ហ៊ានតទល់ជាមួយលោក ម៉ក់ ជីតូ ប្រឈមមុខចំពោះមុខច្បាប់ ឬទេ?

២៖ បើ ប្រេត អាដាម ថាខ្លួនមិនបានប្រឌិតមូលបង្កាច់ទេនោះ តើហ៊ានស្បថចំពោះវត្ថុស័ក្កសិទ្ធិ ឲ្យរន្ទះបាញ់ ត្រូវគ្រាប់ ឡានបុក ធ្លាក់យន្តហោះ ដែរឬទេ?

៣៖ បើមិនហ៊ានទេនោះ សូមឲ្យទេវតា ព្រះជាម្ចាស់ វិន្និច្ឆ័យ បរាមុខជនទុច្ចរិត ប្រេត អាដាម និងបក្ខពួក ឲ្យរលត់រលាយ កុំឲ្យស្គាល់អ្វីដែលជាពន្លឺ អ្វីដែលជាសេចក្ដីសុខជួបជុំគ្រួសារ អ្វីដែលជាជោគជ័យក្នុងជីវិតរហូតដល់ថ្ងៃស្លាប់៕