(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនស្នើដល់អង្គភាពនានា នៅក្នុងខេត្តត្រូវបញ្ចូលសមាសភាពស្រ្តីបន្ថែមទៀត ក្នុងជួរថ្នាក់ដឹកនាំ និងកិច្ចការងារមួយចំនួនទៀត ប៉ុន្តែការដាក់មុខតំណែងដល់ស្ត្រីនោះ មិនគ្រាន់តែដាក់ដើម្បី តែបង្គ្រប់កិច្ចនោះទេ គឺត្រូវចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងារនោះ ហើយត្រូវខិតខំបណ្តុះបណ្តាលចំណេះដឹងដល់ស្រ្តីបន្តែមទៀត។

ជាពិសេសត្រូវបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងទាំងក្នុងមន្ទីរសាម៉ី និងស្ថាប័នជុំវិញខេត្ត ឱ្យបានល្អក្នុងនាមជាមន្ត្រីរាជការបម្រើជាតិ និងប្រជាជន។

ការលើកឡើងបែបនេះរបស់លោក ផាន់ ចាន់ធុល បានធ្វើឡើងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកបានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ព្រមទាំងប្រគល់ដីកាជូនលោកស្រី ចន្ទ ថាវី ជាប្រធានមន្ទីរស្តីទី ដើម្បីដឹកនាំ និងចាត់ចែងការងារនានា នៅក្នុងអង្គភាព បន្ទាប់ពីប្រធានមន្ទីរចាស់ត្រូវបានចូលនិវត្តន៍។

ជាមួយគ្នានេះដែរលោក ផាន់ ចាន់ធុល បានថ្លែងថា ទិវាអន្តរជាតិនារី ៨ មីនា នៅកម្ពុជា នាឆ្នាំ២០១៨នេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ដែលប្រធានបទនេះ គឺបានរំលេចអំពីតម្លៃ នៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះ ទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

អភិបាលខេត្តប៉ៃលិន បានបន្តថា សុខសន្តិភាព បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។ កម្ពុជាជាង២ទស្សវត្សរ៍ចុងក្រោយនេះ មានកំណើនសេដ្ឋកិច្ចកើនឡើងគួរឱ្យកត់សំគាល់ ជាពិសេសវិស័យឧស្សាហកម្ម បានរួមចំណែកយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចនេះ ក្នុងនោះស្ត្រីក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងភាពរីចម្រើននេះផងដែរ ហើយថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវគោលនយោបាយគាំពារសង្គម ហើយដែលគោលនយោបាយនេះ ក៏បានរួមចំណែកជួយដល់ស្ត្រីជាច្រើនផងដែរដូចជា៖ ទទួលបានសេវាសុខភាពតាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ, ការទទួលបានសាច់ប្រាក់ពេលសំរាល, ការទទួលបានប្រាក់ខែ១២០% ពេលឈប់សំរាកឆ្លងទន្លេរួម និងអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត។

លើសពីនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានផ្តល់ឱកាសដល់ស្ត្រីច្រើនផងដែរក្នុងការបម្រើការងារ តាមស្ថាប័នរដ្ឋ និងឯកជននា ជាពិសេសបច្ចុប្បន្ន ស្រី្តក៏មានតួនាទីជាអភិបាលខេត្ត រដ្ឋមន្ត្រី អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ជាដើម។

បើតាមដីកាលេខ ២៩/១៨ ដក.តត ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ដែលអានដោយលោក ញ៉ូវ គង្គា ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក ត្រូវបានប្រគល់សិទ្ធិជូន លោកស្រី ចន្ទ ថាវី ជាប្រធានស្តីទី នៃមន្ទីរកិច្ចការនារីខេត្ត ដើម្បីដឹកនាំ និងចាត់ចែងការងាររួម នៅក្នុងមន្ទីរ ជំនួសលោកស្រី សៀង សូនីដា អតីតប្រធានមន្ទីរ ត្រូវបានចូលនិវត្តិន៍ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ រហូតដល់មានការតែងតាំងប្រធានមន្ទីរកិច្ចការនារីខេត្ត ជាផ្លូវការ៕