(កោះកុង)៖ អតីតមន្ត្រីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកោះកុងចំនួន១៨គ្រួសារ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ដែលមានគោលការណ៍ រកដំណោះស្រាយដីធ្លីជូនពួកគាត់ ក្រោយពីបានដឹងការលំបាករបស់ពួកគាត់ ដែលបានរស់នៅលើដីសារពើភ័ណ្ឌរបស់រដ្ឋ អាស្រ័យផលរាប់ឆ្នាំមកហើយ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ខ្លឹម គគី ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកោះកុង បានប្រាក់មកភ្នាក់ងារ Fresh News ប្រចាំខេត្តកោះកុង នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។

លោក ខ្លឹម គគី បានបន្ថែមទៀតថា ដោយក្រសួងឧស្សហកម្ម និងសិប្បកម្ម និងរដ្ឋបាលខេត្ត មើលឃើញភាពជាក់ស្តែង បានចាត់មន្ត្រីជំនាញចុះពិនិត្យ និងវាសវែង ទំហ៑ំដីរបស់ម្ចាស់អាស្រ័យផល ទាំង១៨គ្រួសារ ដែលអាស្រ័យផល, មានផ្ទៃដីសរុបជិត១ហិចតា, មានទីតាំងជាប់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ស្ថិតនៅភូមិ៤សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោក អ៑ំ ធី សារឿង អតីតមន្រ្តីឧស្សហកម្ម និងសិប្បកម្ម តំណាងឲ្យ១៨គ្រួសារ ដែលរស់នៅលើដីសារពើភ័ណ្ឌរបស់ បានថ្លែងអំណរគុណដល់សម្តេច និងថ្នាក់ដឹកនាំក្រសួង និងថ្នាក់ខេត្ត ដែលបានមើលឃើញ នៅភាពលំបាករបស់ពួកគាត់ យ៉ាងមានតម្លារភាព ដើម្បីឲ្យពួកគាត់បានអាស្រ័យផល និងប័ណ្ណកម្មសិទ្ធីប្រើប្រាស់ នៅពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ កាលពីពេលថ្មីៗនេះ អាជ្ញាធរក្រុង និងស្ថាប័នជំនាញ បានចុះពិនិត្យ និងធ្វើការវាសវែង ទំហំដីរបស់ អតីតមន្ត្រីមន្ទីរអាស្រ័យផល ដើម្បីរបាយការណ៍ ជូនថ្នាក់ក្រសួង ដើម្បីក្រសួងធ្វើរបាយការណ៍ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីសុំកាត់ដីសារពើភ័ណ្ឌរបស់រដ្ឋ ជូនបងប្អូនទាំង១៨គ្រួសារ មានសិទ្ធិកាន់កាប់ស្របច្បាប់ និងអាស្រ័យផល៕