(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កំពុងតែផ្ដោតការយកចិត្តទុកដាក់ទៅលើវិស័យកីឡាដែរនោះ បានថ្លែងថា កម្ពុជាបានចំណាយពេលរហូតដល់៦០ឆ្នាំ ទម្រាំអាចដណ្ដើមបានមេដាយមាស Asian Game ដែលមិនមែនជារឿងងាយស្រួលនោះទេ។

បើតាមសម្ដេចតេជោ ហ៊ុន សែន កីឡាការិនីដែលអាចដណ្ដើមមេដាយមាស Asian Game ជូនប្រទេសកម្ពុជាដំបូងគេបង្អស់គឺ កីឡាការិនី សន សៀវម៉ី ហេតុដូច្នេះហើយតម្រូវឲ្យកម្ពុជា វិនិយោគបន្ថែមទៀតលើវិស័យកីឡា ដើម្បីជំរុញវិស័យកីឡានៅប្រទេសកម្ពុជា។

ការមានប្រសាសន៍បែបនេះរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសអនុញ្ញាតឲ្យអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនិងប្រតិភូកីឡា សរុបជាង៧០នាក់ ចូលជួបទទួលដំបូន្មានមួយចំនួន នៅវិមានសន្តិភាព មុននឹងពួកគេចេញទៅចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូនេស៊ី។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «និយាយពីប្រវត្តិនេះយើងត្រូវចាំរហូតដល់៦០ឆ្នាំ​ ទើបយើងបានមេដាយមួយ ដោយនាំមកដោយកីឡាការិនី សន សៀវម៉ី។ ដូច្នេះគឺដំណើរដើម្បីឈានឡើងនៅក្នុងវិស័យកីឡានេះ មិនមែនចេះតែងាយទេ [...] ចឹងទេបានជាយើងឃើញថា យើងត្រូវមានការខិតខំវិនិយោគច្រើនបន្ថែមទៀត ដើម្បីជំរុញវិស័យកីឡារបស់យើងនេះ»

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ថា ពេលខ្លះកីឡាកររបស់កម្ពុជាខ្លាំងនៅក្នុងស្រុក ប៉ុន្ដែពេលចេញទៅប្រកួតនៅក្រៅប្រទេស សមត្ថភាពកីឡាករកម្ពុជាមិនទាន់ដល់កម្រិតដែលត្រូវយកឈ្នះគេនោះទេ។

យ៉ាងណាមិញ សម្ដេចក៏បានសង្កត់ធ្ងន់ថា សម្រាប់វិស័យកីឡានេះ យើងមិនអាចសន្និដ្ឋានតែសំបកក្រៅបាននោះទេថា ​ប្រទេសអ្នកមាន ឬប្រទេសមានប្រជាជនច្រើន សុទ្ធតែជាប្រទេសដែលខ្លាំងខាងកីឡានោះទេ ហើយប្រទេសដែលមានប្រជាជនតិច មិនប្រាកដថា កីឡានោះខ្សោយដែរ តែអ្វីដែលសំខាន់ទៅលើការខិតខំប្រឹងប្រែង។

លោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា បានឲ្យដឹងថា ការប្រកួតកីឡា Asian Game បានចាប់ផ្ដើមប្រារព្ធធ្វើឡើងនៅទីក្រុងញូដេលី ប្រទេសឥណ្ឌា នៅក្នុងឆ្នាំ១៩៥១ តាមគំនិតផ្ដួចផ្ដើមរបស់អតីតនាយករដ្ឋមន្ដ្រីឥណ្ឌា លោក ឡាល់ ហារ៉ាល់នីរុក ហើយកម្ពុជាបានចូលរួមប្រកួតកីឡា Asian Game ចាប់ពីលើកទី២ នៅឆ្នាំ១៩៥៤ តែពុំទាន់ដណ្ដើមបានមេដាយនោះទេ។

បើតាមលោកបណ្ឌិត ថោង ខុន កម្ពុជាបានដណ្ដើមមេដាយសំរិតលើកដំបូង ក្នុងការប្រកួតកីឡា Asian Game លើកទី៤ នៅឆ្នាំ១៩៦២ ក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយកីឡាករប្រដាល់សកល គឺលោក យូរ ឈិនហុង ទម្ងន់៥៨គីឡូក្រាម។ ក្រោយមកទៀតកម្ពុជាដណ្ដើមបានមេដាយប្រាក់ចំនួន២ សំរិត២បន្ថែមទៀត នៅឆ្នាំ១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ។

កម្ពុជាត្រូវអវត្តមានកីឡា Asian Game ចាប់ពីឆ្នាំ១៩៧៤ រហូតដល់ឆ្នាំ១៩៩៤ ទើបបានចូលរួមប្រកួតកីឡា Asian Game ជាផ្លូវការឡើងវិញរហូតដល់បច្ចុប្បន្ន។ ប៉ុន្ដែអ្វីដែលជាមោទនភាពជាតិនោះ ក្រោមដំបូងសន្ដិភាព និងការអភិវឌ្ឍសម័យតេជោសែន គឺកញ្ញា សន សៀវម៉ី បានក្លាយជាវីរកីឡាការិនីជាតិ ដែលបានដណ្ដើមមេដាយមាសមួយគ្រឿងដំបូង ក្នុងកំណត់ត្រាប្រវត្តិសាស្ដ្រ៦០ឆ្នាំ គឺចាប់ពីឆ្នាំ១៩៥៤ ដល់ឆ្នាំ២០១៤៕​