(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីអាណត្តិទី៦នោះ បានទម្លាយថា សមាជិករាជរដ្ឋាភិបាល និងក្បាលម៉ាស៊ីនរដ្ឋសភាសម្រាប់អាណត្តិទី៦ ត្រូវបានសម្តេចកំណត់រួចរាល់ហើយ។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន មិនទាន់បានបង្ហាញសមាសភាពសមាជិករាជរដ្ឋាភិបាល និងក្បាលម៉ាស៊ីនរដ្ឋសភាអាណត្តិថ្មីនេះនៅឡើយទេ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញផ្តល់ដំបូន្មានមួយចំនួនដល់អត្តពលិក កីឡាករ និងកីឡាការិនី ដែលត្រៀមខ្លួនចេញទៅប្រកួតកីឡាទ្វីបអាស៊ី (Asain Games) នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ។

អនាគតនាយករដ្ឋមន្ត្រីអាណត្តិទី៦ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ «រាជរដ្ឋាភិបាលខ្ញុំបង្កើតរួចហើយ មាននៅក្នុងបញ្ជីរួចហើយ កុំទៅឆ្ងល់ពេកមិនពិបាកទេ ហើយក្បាលម៉ាស៊ីនរដ្ឋសភាក៏បានរៀបចំរួចហើយដែរ។ វាអត់មានស្អីពិបាកទេសម្រាប់ខ្ញុំនោះ ឡើងបញ្ជីរួចហើយវាអត់មានអីទេ»

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា រដ្ឋមន្ត្រីដែលអសកម្មក្នុងការងារនឹងមិនមានឈ្មោះនៅក្នុងបញ្ជីសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មីរបស់សម្តេច ដែលជារាជរដ្ឋាភិបាលកំណែទម្រង់ស៊ីជម្រៅនោះឡើយ។ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះបានមានប្រសាសន៍ថា មន្ត្រីឋានៈរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ កុំអាលអស់សង្ឃឹមប្រសិនបើការតែងតាំងលើកទី១ មិនមានឈ្មោះទេនោះ។

ច្បាប់ស្តីពីការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីដែលទើបធ្វើវិសោធនកម្មបានកំណត់ថា សមាជិករាជរដ្ឋាភិបាលគិតចាប់ពីរដ្ឋមន្រ្តីឡើងទៅ។ ដូច្នេះសមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ មានតែប្រមាណ ៣០រូបប៉ុណ្ណោះរាប់ទាំងនាយករដ្ឋមន្រ្តីផង តែមិនទាន់រាប់បញ្ចូលវត្តមានឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី ដែលមិនមានតំណែងជារដ្ឋមន្រ្តីគ្រប់គ្រងក្រសួងនៅឡើយនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា កម្មវិធីនយោបាយសម្រាប់អាណត្តិថ្មីក៏បានជ្រើសរើសរួចហើយផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន កម្មវិធីនយោបាយសម្រាប់អាណត្តិថ្មី គឺសម្តេចនៅតែជ្រើសរើសយកយុទ្ធសាស្រ្តនយោបាយចតុកោណដំណាក់កាលទី៤ដដែល ដោយសម្រួចទៅលើមុខព្រួញមួយចំនួន៕