(ភ្នំពេញ)៖ ស្ដែងចេញពីការគិតគូរយកចិត្តទុកដាក់ចំពោះសុខភាពរបស់កីឡាករ-កីឡាការិនី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំឭកដល់គ្រូបង្វឹកកីឡា និងសហព័ន្ធកីឡាទាំងអស់ ត្រូវពិចារណាលើបញ្ហាបញ្ចុះទម្ងន់របស់កីឡាករកម្ពុជាឡើងវិញ ពីព្រោះការបញ្ចុះទម្ងន់នេះអាចធ្វើឱ្យកីឡាករកម្ពុជាមានបញ្ហាសុខភាព ឬអាចចាញ់កម្លាំងកីឡាករបរទេសក្នុងពេលប្រកួត។

នេះជាអនុសាសន៍គន្លឹះដ៏ពិសេសមួយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបន្លឺឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយអត្តពលិក កីឡាករ-កីឡាការិនី គ្រូបង្វិក រួមនឹងប្រតិភូកីឡាសរុបជាង៧០នាក់ នៅវិមានសន្តិភាព នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ មុននឹងពួកគេចេញទៅចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូនេស៊ី។

នាយករដ្ឋមន្ត្រីដែលតែងតែយកចិត្តទុកដាក់ និងលើកស្ទួយវិស័យកីឡារូបនេះ បានលើកឡើងនូវបទពិសោធន៍ក្នុងការបញ្ចុះទម្ងន់ អស់រយៈពេល៨ឆ្នាំមកហើយ តែមិនសូវបានផលវិជ្ជមាននោះឡើយ ដូច្នេះហើយទើបសម្ដេចបានដាស់តឿនដល់គ្រូងបង្វឹក ក៏ដូចជាសហព័ន្ធកីឡាទាំងអស់ ត្រូវពិចារណាលើបញ្ហាបញ្ចុះទម្ងន់កីឡាករ-កីឡាការិនីឡើងវិញ។ មិនអាចហេតុតែចង់ឱ្យទម្ងន់កីឡាកររបស់ខ្លួនស្មើនឹងទម្ងន់កីឡាករគេ ហើយមកប្រើថ្នាំបញ្ចុះទម្ងន់កីឡាករខ្លួនឯងនោះទេ ពីព្រោះអាចធ្វើកីឡាករកម្ពុជាចាញ់កម្លាំងកីឡាករបរទេសក្នុងពេលប្រកួត ឬប៉ះពាល់ដល់សុខភាពថែមទៀតផង។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានចំណុចមួយដែលត្រូវដាស់តឿន ទាំងគ្រូបង្ហាត់ ទាំងគ្រប់សហព័ន្ធ៖ ការបញ្ចុះគីឡូកីឡាករ-កីឡាការិនី (ទម្ងន់) ដើម្បីឱ្យស្មើគីឡូជាមួយគេ (កីឡាករបរទេស) ដែល សន សៀវម៉ី ធ្លាប់បានបញ្ចុះគីឡូម្ដង រួចហើយទៅប្រកួត។ សូមឱ្យប្រយ័ត្នប្រយែងលើបញ្ហាការទម្លាក់គីឡូ ដែលធ្វើឱ្យបាត់បង់សមត្ថភាពប្រកួតរបស់កីឡាករ-កីឡាការិនីរបស់យើង»

ជាមួយគ្នានោះ សម្ដេចក៏បានណែនាំឱ្យគ្រូបង្វឹក ក៏ដូចជាកីឡាករ-កីឡាការិនីខ្លួនឯង គប្បីរិះរកវិធីណាមួយដើម្បីឱ្យទម្ងន់របស់ខ្លួនស្មើជាមួយកីឡាករបរទេស ដោយមិនធ្វើតាមការបញ្ចុះទម្ងន់ភ្លាមៗ គួរតែប្រើវិធីបញ្ចុះក្នុងរយៈពេលណាមួយ ហើយហាត់ប្រាណទប់ទល់ឡើងវិញទើបជាការល្អ រីឯការប្រើប្រាស់ថ្នាំបញ្ចុះទម្ងន់ គឺមិនល្អនោះឡើយ។

មិនតែប៉ុណ្ណោះ ប្រមុខរាជរដ្ឋាភិបាលថែមទាំងបានផ្តាំដល់កីឡាករ-កីឡាការិនីកម្ពុជាថា លទ្ធផលចាញ់-ឈ្នះយ៉ាងណានោះ គឺជារឿងធម្មតាទេសម្រាប់ការប្រកួតកីឡា។ សម្ដេចបានលើកទឹកចិត្ត និងសំណូមពរ២ចំណុចទៅកាន់កីឡាករ-កីឡាការិនីកម្ពុជា គឺដាច់ខាតមិនត្រូវបំពានវិធានហាមឃាត់ក្នុងពេលប្រកួត និងមិនត្រូវប្រើប្រាស់សារធាតុលើកកម្លាំងក្នុងពេលចូលរួមប្រកួតឡើយ។

ខណៈនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនូវអនុសាសន៍ដ៏ពិសិដ្ឋមួយឃ្លា ដែលប្រៀបដូចជាថាមពលសម្រាប់កីឡាករ-កីឡាការិនីកម្ពុជា នោះគឺ «បើទោះបីជាមិនបានមេដាយអ្វីក៏ដោយចុះ តែយើងនៅតែជាកីឡាករថ្លៃថ្នូរ តែបើបានមកដោយការប្រើប្រាស់សារធាតុហាមឃាត់ មិនមែនជាមោទនភាពសម្រាប់ជាតិកម្ពុជាមួយនេះទេ»

ជាមួយការពិតណាស់ ក្នុងអាណត្តិដឹកនាំប្រទេសកម្ពុជាជាង២០ឆ្នាំមកនេះ សម្ដេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីតែមួយគត់ ដែលបាននិងកំពុងខិតខំពង្រីកវិស័យកីឡាកម្ពុជា ឱ្យមានកិត្យានុភាពកាន់តែលេចត្រដែតលើឆាកអន្តរជាតិ និងមានសមត្ថភាពទៅចូលរួមប្រកួតកីឡា ក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិតូចធំនានាផងដែរ​ ជាក់ស្ដែងដូចជាការត្រៀមខ្លួនទៅចូលរួមប្រកួតកីឡានៅប្រទេសឥណ្ឌូនេស៊ី​ នាពេលខាងមុខជាដើម៕