(ភ្នំពេញ)៖ ​លោក ឈួន ថាវរិន្ទ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាល​​ចុះជួយ​ស្រុក​សូត្រនិគម អនុប្រធានចុះជួយ​ឃុំ​ខ្នារពោធិ និងជាប្រធានក្រុមការងារចុះជួយភូមិសំរោង ​ខេត្តសៀមរាប និងលោកស្រី​ ព្រមទាំង​ក្រុមការងារ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បានចុះថ្លែងអំណរគុណម្ចាស់ឆ្នោតដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅភូមិ​សំរោង និងភូមិ​ថ្នល់ដាច់ ក្នុងស្រុកសូត្រនិគម។

​បន្ទាប់ពីមតិស្វាគមន៍របស់អាជ្ញាធរមូលដ្ឋានឃុំ​ខ្នារពោធិ៍ ស្តីពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពរដ្ឋ និងការវិវត្ត​ន៍រីចម្រើនក្នុងមូលដ្ឋាន ព្រមទាំងព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី​៦​កន្លងមករួចមក លោក ឈួន ថាវរិន្ទ បានបញ្ជាក់ថា អនុវត្តន៍តាមប្រសាសន៍ ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅរបស់សម្តេច​​តេជោ ​ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃ​កម្ពុជា​នោះ លោកនាំយកនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់សម្តេច ជូនចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទាំងអស់ ដែលបានចូលរួមទៅបោះឆ្នោតយ៉ាងច្រើនកុះករ រហូតដល់៨២,៨៩​ភាគរយនៅទូទាំងប្រទេស។

ចំនួនយ៉ាងច្រើនសន្ធិកសន្ធាប់នេះ ​​សបញ្ជាក់​ឲ្យឃើញថាប្រជាពលរដ្ឋ​បានគាំទ្រនូវរបបប្រជាធិបតេយ្យ និងបានប្រើនូវសិទ្ធិរបស់ខ្លួន ដែលស្រឡាញ់ សេចក្តីសុខសន្តភាព និងការអភិវឌ្ឍជាតិ​។ តាមរយៈការជួបសំណេះសំណាល លោកក៏បានលើកឡើងនូវប្រសាសន៍​របស់សម្តេច ចំពោះអ្នកដែលយកយុទ្ធនាការ «​ម្រាមដៃស្អាត ​និងនៅផ្ទះឈ្នះឯង​» ចាត់ទុកជាផ្នែកមួយនៃប្រជាមតិនោះ គឺជាភាពល្ងង់ខ្លៅមួយក្នងចំណោមភាពល្ងង់ជាន​របស់ពួកប្រឆាំង។

​ជាថ្មីម្ដងទៀត លោក ឈួន ថាវរិន្ទ លើកឡើងថា អ្នកដែលបានគាំទ្រដំណើការប្រជាធិបតេយ្យ គឺអ្នកដែលបានចូលរួមបោះឆ្នោត ឯអ្នកមិនបានទៅបោះឆ្នោត ដោយការញុះញង់របស់អ្នកដទៃ គឺមិនមែនជា​អ្នកគាំទ្រដល់ដំណើរការប្រជាធិបតេយ្យនោះទេ​។​ ទោះយ៉ាងណាក្ដី លោក​អំពាវនាវកុំឲ្យមាន​ការរើស​អើង រវាងអ្នកដែល​បានទៅបោះឆ្នោត និងអ្នកដែលមិនបានទៅបោះឆ្នោត។

លោកអំពាវនាវដល់អ្នកបានទៅបោះឆ្នោត ដែលមានចំនួនជាង៨២ភាគរយ និងអ្នកមិនបាន​ទៅបោះឆ្នោត​១៨ភាគរយ ឲ្យមានខន្តី និងយោគយល់គ្នា គឺចៀសវាងបង្កើតឲ្យមានជម្លោះនៅតាមមូលដ្ឋានភូមិឃុំ ដែលនាំឲ្យមើលមុខគ្នាមិនចំ។ ទន្ទឹមនឹងនេះ លោក ឈួន ថាវរិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះប្រជាពលរដ្ឋ និងសមាជិកបក្សដែលរស់នៅក្នុង ភូមិ​សំរោង និងភូមិ​ថ្នល់ដាច់ ឃុំ​ខ្នារពោធិ៍ទាំងមូល ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់ គឺទទួលបានការគាំទ្រ ចំនួន​៧៤.១៦ភាគរយ បើប្រៀបធៀបទៅនឹងការបោះឆ្នោត ឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧កន្លងមកនេះ ដែល​ទទួលសំឡេងគាំទ្របានត្រឹមតែ​៤០.៩២ភាគរយប៉ុណ្ណោះ។

ជ័យជំនះដ៏ធំធេងទាំងអស់នេះ​ គឺបានមកពីការយល់ដឹងត្រូវ និងមើលឃើញកាន់ច្បាស់របស់ប្រជាពលរដ្ឋ ពីសមិទ្ធិផលនានាដែលជាស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៥អាណត្តិកន្លងមក ក្រោមការដឹកនាំ​របស់សម្តេច​​តេជោ ​ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ​។

ក្នុងពិធីជួបសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនជាម្ចាស់ឆ្នោត លោកប្រធានក្រុមការងារចុះជួយមូលដ្ឋាន បានរៀបចំពិសារអាហាសាមគ្គី ប្រដោយមនោសញ្ចេតនាសិ្នទ្ធស្នាលបំផុត៕