(ចិន)៖ ក្រុមហ៊ុនកាហ្វេ ស្តារបាក់ស៍ ( Starbucks) និងក្រុមហ៊ុនចិន អាលីបាបា (Alibaba) បានប្រកាសចាប់ដៃគូជាយុទ្ធសាស្ត្រជាមួយគ្នា ដើម្បីផ្តល់សេវាដឹកជញ្ជូនកាហ្វេ ដែលនឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខ នៅតាមហាងកាហ្វេ១៥០កន្លែង នៅទីក្រុងប៉េកាំង និង ទីក្រុងសៀងហៃ។


ត្រឹមដំណាច់ឆ្នាំនេះ ក្រុមហ៊ុនទាំងពីរ ក៏មានផែនការពង្រីកសេវាដឹកជញ្ជូនកាហ្វេនេះ ឱ្យបានដល់ជាង២ពាន់ហាង នៅតាម៣០ទីក្រុង។

សម្រាប់ភាគី អាលីបាបាហ្គ្រុប ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន នឹងសហការគ្នាទៅវិញទៅមកក្នុងអាជីវកម្មថ្មីនេះ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនោះ រួមមានដូចជា ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនផ្សារទំនើប ក្រុមហ៊ុនលក់ទំនិញរាយតាមអនឡាញ និងក្រុមហ៊ុនទូទាត់ប្រាក់តាមអនឡាញ ដែលមានឈ្មោះថា អាលីផេរ (Alipay)។

លោក ចាង យ៉ុង នាយកប្រតិបត្តិ ក្រុមហ៊ុនអាលីបាបា បានថ្លែងថា «អតិថិជនអាចរីករាយនឹងសេវាទាំងអស់របស់ក្រុមហ៊ុនស្តារបាក់ស៍ នៅតាមបណ្តាញក្រុមហ៊ុនរបស់អាលីបាបា ដែលនឹងមានផ្តល់ជូនជាហាងកាហ្វេ ស្តារបាក់ស៍ តាមអនឡាញ។ ពួកយើងក៏នឹងប្រើបច្ចេកវិទ្យាដែលអាលីបាបាមាន ដើម្បីអភិវឌ្ឍការផលិត និងការដឹកជញ្ជូនភេសជ្ជៈរបស់ ស្តារបាក់ស៍ ព្រមទាំងធានាបាននូវគុណភាពកាហ្វេ ដែលមានដាក់លក់នៅលើប្រព័ន្ធដឹកជញ្ជូន របស់យើងផងដែរ»។

អ្នកវិភាគយល់ឃើញថា ក្រុមហ៊ុន ស្តារបាក់ស៍ កំពុងសង្ឃឹមថា ការចាប់ដៃគូជាមួយអាលីបាបានេះ នឹងជួយស្រោចស្រង់ការលក់កាហ្វេរបស់ខ្លួនឡើងវិញ ស្របពេលដែលក្រុមហ៊ុនកាហ្វេចិន កំពុងបើកអាជីវកម្មកាន់តែច្រើនកន្លែងក្នុងទីផ្សារ ដែលធ្វើឱ្យការប្រកួតប្រជែងកាន់តែតឹងតែង។

សូមបញ្ជាក់ថា ប្រទេសចិន គឺជាទីផ្សារលក់កាហ្វេដ៏ធំបំផុតលំដាប់ទីពីរក្នុងពិភពលោក សម្រាប់ក្រុមហ៊ុន ស្តារបាក់ស៍។

នាយកប្រតិបត្តិក្រុមហ៊ុន ស្តារបាក់ស៍ លោក ខេវិន ចនសិន បានកោតសរសើរក្រុមហ៊ុន អាលីបាបា ចំពោះចក្ខុវិស័យរបស់ខ្លួន អំពីអនាគតនៃអាជីវកម្មលក់រាយ។

លោក ខេវិន ចនសិន នាយកប្រតិបត្តិក្រុមហ៊ុន ស្តារបាក់ស៍ បានថ្លែងថា «មែនទែនទៅ សេចក្តីប្រកាសនាថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការពិតដែលថា ក្រុមហ៊ុន អាលីបាបា គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមួយ ហើយនៅពេលដែលលោក ចាង និងខ្ញុំបានជួបគ្នាកាលពីប្រហែល១ឆ្នាំមុន ខ្ញុំបានយល់ឃើញថា ក្រុមហ៊ុននេះមិនមែនត្រឹមតែជាក្រុមហ៊ុនបច្ចេកវិទ្យា លំដាប់ពិភពលោកប៉ុណ្ណោះទេ តែគេក៏មានចក្ខុវិស័យស្រដៀងនឹងពួកយើងដែរ អំពីអនាគតរបស់អាជីវកម្មលក់រាយ និងអំពីវិធីដែលគេអាចបង្កើត បទពិសោធន៍ថ្មីសម្រាប់អតិថិជន តាមរយៈការច្របាច់បញ្ចូលគ្នា រវាងបទពិសោធន៍នៃការទិញទំនិញតាមហាង និងបទពិសោធន៍នៃការទិញទំនិញតាមអនឡាញ»៕ (សារព័ត៌មាន CCTV របស់ចិន)