(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចមួយ ដោយនឹងបើកសវនាការនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីជំនុំជម្រះលើសំណុំរឿងលេខ០០១ ដែលពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត។

បើតាមលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា សំណុំរឿងលេខ០០១ គឺពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាតដែលគណកម្មការរៀបចំការបោះឆ្នោត (គខប)ខេត្តបាត់ដំបង បានសម្រេចផាកពិន័យទៅលើបុគ្គលចំនួន៥នាក់ ក្នុងម្នាក់ៗ ចំនួន១០លានរៀល ពីបទធ្វើឲ្យភាន់ច្រឡំនាំឲបាត់ទំនុកចិត្តលើការបោះឆ្នោត យោងតាមមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

លោកបានបន្តថា បុគ្គលទាំង៥រូបនោះ គឺមានឈ្មោះ ជា ជីវថោង សារឿន ម៉ាង ឈុន ពៅ តាំង និង គ្រុយ គឹមសាំង។ ភាគីចុងចម្លើយ បានប្តឹងបន្តមក គ.ជ.ប ជំទាស់នឹងសេចក្តីសម្រេចលេខ០០១ នេះចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ របស់ គ.ខ.ប បាត់ដំបង៕