(ភ្នំពេញ)៖ ខណៈដែលបណ្តាហាងអាជីវកម្មរបស់ខ្លួន ទទួលបានការគាំទ្រយ៉ាងធំធេងពីភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុន អាល់មិនគ្រុប បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារវីង (ខេមបូឌា) លីមីតធីត ​ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ ដោយមិនប្រើសាច់ប្រាក់ នៅក្នុងប្រទេសកម្ពុជា។ ពិធីនេះ ប្រារព្ធធ្វើឡើងនៅក្នុងភោជនីយដ្ឋាន យី សាង ដែលជាហាងមួយរបស់ក្រុមហ៊ុន​ អាល់មិន គ្រុប។

ភាពជាដៃគូ​នេះ ​នឹង​នាំ​មក​នូវការដាក់ឲ្យប្រើប្រាស់ សេវាកម្មទូទាត់ប្រាក់តាមអនឡាញ និង ស្គេនកូដ QR ដែលហៅថា «WingPay» និងការទទួលទូទាត់ តាមរយៈកម្មវិធីទូទាត់ប្រាក់លើទូរស័ព្ធដៃធំៗ ចំនួនពីររបស់ ប្រទេសចិន គឺ «Ali Pay» និង «WeChat Pay»​ ដែលផ្តល់ជូនដោយវីង នៅបណ្តាហាងរបស់ក្រុមហ៊ុន អាល់មិន គ្រុប១៧​កន្លែង នៅកម្ពុជា។

លោក លូ ម៉េង អគ្គនាយកក្រុមអាល់មិន គ្រុប បានថ្លែងថា អតិថិជនតែងតែធ្វើការសួរនាំ ទៅកាន់​ក្រុម​ការងារ​របស់លោក ដើម្បីដឹងថាពួកគាត់អាចធ្វើការ ទូទាត់ប្រាក់ដោយស្គេនកូដ QR កម្មវិធី Ali Pay ឬ WeChat Pay បានដែរឬទេ។ ដោយមើលឃើញមានសំនើរជាច្រើន ពីអតិថិជន ក្រុមហ៊ុនអាល់មិនគ្រុប ក៏​​សម្រេ​ច​ចិត្តជ្រើសរើសយកវីង ជាដៃគូសហការដើម្បីផ្តល់ជូនសេវាកម្មនេះ ដោយហេតុថា ក្រុមហ៊ុនបានមើល ឃើញនូវបទពិសោធន៍ ជាច្រើនឆ្នាំរបស់ធនាគារមួយនេះ ក្នុងការផ្តល់សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់ នៅក្នុងប្រទេសកម្ពុជា។

លោក លូ ម៉េង បានថ្លែងថា «វាគឺជាការតាំងចិត្ត របស់ក្រុមហ៊ុនអាល់ម៉ុន​គ្រុប ក្នុងការផ្តល់ជូននូវសេវាកម្ម ​ដែល​ប្រកបដោយភាពច្នៃប្រឌិត ដោយរួមបញ្ចូលចាប់ពីសេវាកម្មម្ហូបអាហារ និងបដិសណ្ឋារកិច្ច រហូតដល់បទ ពិសោធន៍ នៃការទូទាត់ប្រាក់ដែលរហ័ស ងាយស្រួល និងមានសុវត្ថិភាព។ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់នូវ​សេវាកម្មនេះ យើងសង្ឃឹមថា នឹងទទួលបានលទ្ធផលជាវិជ្ជមានពីអតិថិជន ជាពិសេសភ្ញៀវទេសចរជនជាតិចិន​រាប់ពាន់នាក់ ដែលមកលេងនៅកម្ពុជា»

ថ្លែងក្នុងពិធីនោះ លោក ចូចូ ម៉ាឡូឡូស អគ្គនាយក​ធនាគារឯកទេសវីង បានប្រាប់ឲ្យដឹងថា វីងយល់ច្បាស់ពីតម្រូវការ របស់ដៃគូអាជីវកម្មរបស់ខ្លួន ក្នុងការផ្តល់ជូន​អតិថិជន​នូវបទពិសោធន៍ទូទាត់ ដោយមិនប្រើសាច់ប្រាក់ នៅកម្ពុជា។ ការដាក់ឲ្យប្រើប្រាស់នូវសេវាកម្ម «WingPay» «Ali Pay» និង «WeChat Pay» នឹងឆ្លើយតបតម្រូវការនេះ និងបង្ហាញប្រាប់ពិភពលោក ឲ្យបានដឹងថា ប្រទេសកម្ពុជា កំពុងខិតកាន់តែជិត និងក្លាយជាសង្គមមួយ ដែល​មានប្រព័ន្ធអេកូនៃការទូទាត់ដោយមិន​ប្រើ​សាច់ប្រាក់។ ​

លោក ម៉ាឡូឡូស បានបន្ដទៀតថា «ជាផ្នែកមួយនៃប្រព័ន្ធប្រមូលសាច់ប្រាក់ ប្រកបដោយភាពច្នៃប្រឌិត អតិថិជន​ដែលមានកម្មវិធីស្មាតហ្វូនវីង កម្មវិធី Alipay ឬកម្មវិធី WeChat អាចប្រើទូរស័ព្ទរបស់ពួកគាត់ ដើម្បី​ស្គេនកូដ QR នៅបណ្តាហាងរបស់ក្រុមហ៊ុនអាល់មិនគ្រុប ដើម្បីធ្វើការទូទាត់ប្រាក់ ដោយចំណាយពេល​ត្រឹមតែ​ប៉ុន្មានវិនាទីប៉ុណ្ណោះ»។

WingPay ជាសេវាទូទាត់ដោយមិនប្រើសាច់ប្រាក់របស់វីង ដែលធ្វើឡើងដោយស្គេនកូដ QR ។ វាជាមុខងារ មួយក្នុងចំណោមមុខងារ ដែលមានអត្ថប្រយោជន៍ជាច្រើននៅលើកម្មវិធីស្មាតហ្វូន​វីង ដែលអនុញ្ញាតឲ្យអតិថិជន អាចធ្វើប្រតិបត្តិការទូទាត់ប្រាក់ជាច្រើន ដោយគ្រាន់តែចុចលើទូរស័ព្ទរបស់ពួកគេ។ លើសពីនេះទៀត កម្មវិធី​ស្មាតហ្វូនវីង អនុញ្ញាតអតិថិជនធ្វើប្រតិបត្តិការដូចជាបង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ ទិញទំនិញ តាមអនឡាញ-ល-។

ការទូទាត់តាមទូរស័ព្ទចល័ត កំពុងក្លាយជាការពេញនិយមយ៉ាងខ្លាំង ក្នុងចំណោមភ្ញៀវទេសចរចិន។ ជាង 90% នៃភ្ញៀវទេសចរចិន នឹងជ្រើសយកការទូទាត់ប្រាក់ តាមទូរស័ព្ទចល័ត ប្រសិនបើបណ្តាហាងនៅក្រៅប្រទេសជា​ច្រើន​មានផ្តល់សេវាកម្មនេះ។ នៅតំបន់អាស៊ីអាគ្នេយ៍ សេវាកម្ម Alipay ត្រូវបានគេប្រើប្រាស់នៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងហ្វីលីពីន ដែលមានអ្នកប្រើប្រាស់សញ្ជាតិចិនប្រមាណ ៥២០លាននាក់។ ទន្ទឹមនឹងនេះដែរ​របាយការណ៍ថ្មីមួយ របស់ស្ថានីយទូរទស្សន៍ CNBC បានបង្ហាញថា ប្រជាជនប្រមាណ៨០០លាននាក់ បានប្រើ​ប្រាស់​សេវា WeChat ដើម្បីទូទាត់ប្រាក់៕