(ភ្នំពេញ)៖ លោក ផន សុខខេមរិន្ទ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធសំណុំរឿងបរិហាកេរ្តិ៍ពិធីការិនីទូរទស្សន៍ម្នាក់ តាមបណ្តាញសង្គម Facebook។ នេះយោងតាមការបញ្ជាក់របស់មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ។

ការសម្រេចឃុំខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងបន្ទាប់ពីលោកស្រី ស៊ឺ វណ្ណី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើជនសង្ស័យពីបទបរិហាកេរ្តិ៍ជាសាអារណ: និងបទក្លែងបន្លំ យោងតាមមាត្រា៣០៥ មាត្រា៦២៦ និងមាត្រា៦២៧ នៃក្រមព្រហ្មទណ្ឌ ដែលទោសនេះប្រឈមនិងជាប់ពន្ធនាគាររយៈពេលពី១ឆ្នាំ ទៅ៣ឆ្នាំ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ តាំង សុភិន អាយុ៣១ឆ្នាំ ស្នាក់នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្លាប់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនម្តង ពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ខ្មាស។ ចំណែកដើមបណ្តឹងជាជនរងគ្រោះមានមុខរបរ ជាពិធីការិនីទូរទស្សន៍ (សុំមិនបញ្ចេញឈ្មោះ) ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គួររំលឹកថា សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យបានហេក (Hack) ហ្វេសប៊ុករបស់នាង ហើយយកទៅបង្ហោះក្នុងន័យបង្ខូចបរិហារកេរ្តិ៍ ធ្វើឱ្យនាងអាប់ឱន និងខូចកេរ្តិ៍ឈ្មោះទើបសម្រេចចិត្តដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ច ជួយរកយុត្តិធម៌តែម្តង៕