(ភ្នំពេញ)៖ ក្រុមជនសង្ស័យម្នាក់​ប្រើប្រាស់គ្រឿងញៀន និង៣នាក់ផ្សេងទៀត ដែលជំនាញ​ឆក់ទ្រព្យសម្បត្តិផ្សេងៗ ពីជនបរទេស និងប្រជាពលរដ្ឋខ្មែរ តាមដងផ្លូវយ៉ាងសកម្ម​បានសម្រេច​ចំនួន៨លើកមកហើយ ទាំងនៅខេត្តកណ្ដាល និងនៅរាជធានីភ្នំពេញនោះ ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ​រាជធានីភ្នំពេញ ​ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបាន និងរៀបចំធ្វើសន្និសីតសារព័ត៌មាន ដើម្បីបង្ហាញមុខជាសាធារណៈ​មុនបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨នេះ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលបានដឹកនាំប្រតិបត្តិការបង្ក្រាបនេះ បានឲ្យដឹងថា ប្រតិបត្តិការនេះ​ ស្ថិតក្រោមការបញ្ជាដោយផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់​ថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះបរទេសឈ្មោះ CHALOU CLARA ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិបារាំង មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 18DC69580 ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្នាក់នៅបន្ទប់លេខ៦ ផ្ទះសំណាក់ឡេស៊ីកេកូ ផ្លូវលេខ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងជនរងគ្រោះម្នាក់ទៀតឈ្មោះ សៅ ស៊ីណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលជាតិ ស្នាក់នៅផ្ទះលេខ៤៨៩ ផ្លូវលេខ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ស្ដីពីករណីមានក្រុមចោរធ្វើសកម្មភាពឆក់កាបូបស្ពាយរួចមក។

​កម្លាំងការិយាល័យជំនាញ បានបើកការស៊ើបអង្កេតភ្លាមៗ រយៈពេលពេញមួយសប្ដាហ៍ឯណោះ ទើបឈានដល់ការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យបាន ក្រោយពីធ្វើសកម្មភាពឆក់យ៉ាងសកម្ម នាពេលកន្លងមកចំនួន៨លើកមកហើយ នៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល និងនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ, សង្កាត់ផ្សារដើថ្កូវ ខណ្ឌចំការមន, សង្កាត់ផ្សារដេប៉ូ១ សង្កាត់ទឹកល្អក២ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក, សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ។

ប៉ុន្ដែរឿងដែលគួរឲ្យកត់សម្គាល់នោះ ជនរងគ្រោះ សៅ ស៊ីណា ជានគរបាលជាតិ បានបាត់បង់អាវុធខ្លី១ដើមម៉ាក19-GLock ពណ៌ខ្មៅ លេខBDZV119 ផលិតនៅប្រទេសអូស្ត្រាលី,​ ប័ណ្ណសម្គាល់ខ្លួនមន្ត្រីនគរបាល, ប័ណ្ណបើកបរ, ប័ណ្ណសម្គាល់យានយន្ដ, អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ១សន្លឹក, លុយចំនួន៣០០ដុល្លារ និងសម្ភារៈមួយចំនួនទៀត។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបន្ថែមថា ក្នុងប្រតិបត្តិការស្រាវជ្រាវ​រហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យ ជាចោរឆក់យ៉ាងសកម្មទាំង៤នាក់ កម្លាំងជំនាញបានរកឃើញដកហូតវត្ថុតាងជាមធ្យោបាយ ក្នុងសកម្មភាពមួយចំនួនមាន ម៉ូតូ៣គ្រឿងម៉ាក SUZUKI NEX ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ​ភ្នំពេញ​1DC-5821, ម៉ូតូម៉ាក SUZUKI NEX ពណ៌សខៀវ ពាក់ស្លាកលេខ ភ្នំពេញ​1FY-8203, ទូរស័ព្ទដៃម៉ាកណូគៀ ពណ៌ខ្មៅ១គ្រឿង, ទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ស២គ្រឿង និងខ្សែដៃលោហធាតុ ពណ៌លឿងស (ក្លែងក្លាយ) មួយខ្សែ និងម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨មួយគ្រឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 1E-9118, ដាវ២ដើមផងដែរ។

ដោយឡែក វត្ថុតាងជារបស់ជនរងគ្រោះជនជាតិបារាំង ដែលត្រូវបាត់បង់មានកាបូបស្ពាយ ពណ៌ខ្មៅចំនួន១ និងលិខិតឆ្លងដែនចំនួន១ រួមជាមួយវត្ថុតាង ជារបស់ជនរងគ្រោះឈ្មោះ សៅ ស៊ីណា រួមមាន៖ ទូរស័ព្ទដៃម៉ាក IPhone5s ពណ៌ស ១គ្រឿង កាបូបស្ពាយម៉ាក LV ពណ៌សុកកូឡាចំនួន១ និងសោរបងផ្ទះប្រើតេឡេចំនួន១ កាបូបយួដៃមនុស្សស្រីចំរុះពណ៌ ចំនួន៤៨ កាបូ​បស្ពាយចំនួន១២ កាបូបដៃចំនួន១២ សោឡានចំនួន៥ សោម៉ូតូចំនួន២។

លោកវរសេនីយ៍ឯកនាយការិយាល័យដដែលនេះ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) និងប្រើប្រាស់គ្រឿងញៀន នៅក្នុងប្រតិបត្តិការតាមស៊ើបអង្កេតនេះ ទី១៖ឈ្មោះ ហូ ផាន់ណា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២៖ឈ្មោះ ទន់ អង្គាបុត្រ​ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ​, ទី៣៖ឈ្មោះ កែវ សុខ វិសាល ​អាយុ២២ឆ្នាំ​ មុខរបរមិនពិតប្រាកដ​, ទី៤៖ឈ្មោះ ហេង ដារ័ត្ន អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រកដ ដកហូតបានម្សៅក្រាមពណ៌សថ្លា​១កញ្ចប់តូច និងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីបង្ហាញមុខក្រុមជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ធ្វើការបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធីផងដែរនៅព្រឹកនេះ៕​