(អាហ្វ្រិក)៖ ការផ្ទុះរីករាលដាលនៃជំងឺ​អេបូឡា (Ebola) ថ្មីមួយផ្សេងទៀត ​ដែល​ត្រូវបានប្រកាសអាសន្ននាសប្តាហ៍នេះ នៅឯតំបន់​ភាគ​ខាង​កើត​នៃ​​​សាធារណរដ្ឋ​​​ប្រជាធិបតេយ្យ​កុងហ្គោ (DRC) បានផ្តាច់ជីវិត​មនុស្ស​យ៉ាងតិច៣៣នាក់។ នេះបើតាមក្រសួងសុខាភិបាលនៃ DRC ដកស្រង់​ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨។

​ករណីខាងលើ ត្រូវបានរកឃើញក្នុងខេត្ត North Kivu និង Ituri ដែលនៅជាប់គ្នា។ ការ​ប្រកាសពីការ​រីករាលដាលជាថ្មី នៃជំងឺដ៏​កាច​សាហាវនេះ ត្រូវបានធ្វើឡើងនៅត្រឹមតែមួយ​​សប្តាហ៍ប៉ុណ្ណោះ បន្ទាប់​ពីរដ្ឋាភិបាល​កុងហ្គោ បានប្រកាសបញ្ចប់ការរីករាតត្បាត​នៃ​ជំងឺ​​ Ebola នៅតំបន់ភាគពាយ័ព្យ​ប្រទេស។ ដោយឡែកអាជ្ញាធរសុខាភិបាលរបស់ DRC ពុំទាន់មានភស្តុតាំងនៅឡើយទេថា ​ករណី​នៅ​​តំបន់ទាំងពីរ មានពាក់ព័ន្ធគ្នាឬអត់។

គួរជម្រាបថា Ebola ដែលជាជំងឺ​ដ៏កាចសាហាវ ឆ្លង​ពី​សត្វមកមនុស្ស តាមរយៈសារធាតុរាវចេញពីរាងកាយនោះ ក៏អាចឆ្លង​តាមការ​ប៉ះពាល់ជាមួយរបស់ឬកន្លែង​ដែលមានផ្ទុកវីរុសនេះផងដែរ។ បើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) ជំងឺ Ebola បានផ្តាច់ជីវិត​មនុស្ស​ជាង១១,០០០នាក់ នៅតំបន់ភាគខាងលិច​នៃទ្វីបអាហ្រ្វិក​កាលពីចន្លោះឆ្នាំ២០១៤-២០១៥៕