(ភ្នំពេញ)៖ លោក​ តាកាយ៉ាម៉ា​ រ៉ូអ៊ីយី​ អតីតវរសេនីយ៍ឯកនៃកងទព័ជប៉ុនម្នាក់ លោកកំពុងខិតខំផលិតស្រាដំឡូងមី​ ផ្សព្វផ្សាយលក់នៅប្រទេសជប៉ុន​ និងបណ្តាប្រទេសមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់។

តាមរយៈ Facebook របស់ខ្លួន លោក ហេង រតនា បានបញ្ជាក់ថា លោកវរសេនីយ៍​ តាកាយ៉ាម៉ា​ គឺជាអតីតកងទ័ពជប៉ុន ហើយបាន និងកំពុងខិតខំប្រឹងប្រែងរួមជាមួយស៉ីម៉ាក់ ក្នុងការអភិវឌ្ឍក្រោយការបោសសម្អាតមីនរួច។

អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ទៀតថា លោក តាកាយ៉ាម៉ា បានជួយក្នុងការកសាងសាលារៀន​ ធ្វើផ្លូវក្រាលគ្រួសក្រហ​ម​ ជីកស្រះទឹក​ និងកៀរគរអ្នកវិនិយោគជប៉ុន​ មកធ្វើ​សិប្បកម្ម រោងចក្រ​នៅតំបន់ជាយដែននៃឃុំតាសែន​ ស្រុកកំរៀង បានចំនួន៥​រោងចក្រខ្នាតមធ្យម ដែលទទួលបានកម្មករប្រមាណជិត១,០០០នាក់។ ក្រៅពីនេះ លោក តាកាយ៉ាម៉ា កំពុងខិតខំផលិតស្រាដំឡូងមី​ ផ្សព្វផ្សាយលក់នៅប្រទេសជប៉ុន​ និងបណ្តាប្រទេសមួយចំនួនទៀត។

លោក ហេង រតនា បន្ថែមទៀតថា តាមផែនការជាង១០ឆ្នាំបន្តទៀត របស់ជនជាតិជប៉ុនរូបនេះ​ មានបំណងជួយសហគមន៍កម្ពុជា កសាងភាពល្បីល្បាញ ក្នុងការផលិតទំនិញពីសហគមន៍របស់ខ្លួនចូលទីផ្សារពិភពលោកផងដែរ។

សូមជម្រាបថា លោក​ តាកាយ៉ាម៉ា​ រ៉ូអ៊ីយី​ ជាអតីតវរសេនីយ៍ឯកនៃកងទព័ជប៉ុន​ បានចូលរួមបេសកកម្មនៅកម្ពុជានៅសម័យ UNTAC ប្រចាំការនៅឯខេត្តតាកែវ​ និងបានវិលត្រឡប់មកធ្វើការជាមួយអង្គភាពស៉ីម៉ាក់ ក្នុងនាមមន្ត្រីរបស់ JICA នៅឆ្នាំ២០០២។​ ក្រោយបញ្ចប់ការងារជាមួយ JICA លោកក៏បានធ្វើជាប្រធានអង្គការដោះមីនជប៉ុន JMAS ហើយបច្ចុប្បន្នជាប្រធានអង្គការ IMCCD ផងដែរ៕