(ស្ទឹងត្រែង)៖ អ្នកតំណាងក្រុមហ៊ុន «សួស្តី ហ្វាយនែន» បានយកអំណោយមនុស្សធម៌ជាស្បៀងអាហារ និងទឹកបរិសុទ្ធ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ដើម្បីចូលរួមរំលែកការលំបាករបស់​ប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ក្នុងខេត្តស្ទឹងត្រែង។

ពិធីប្រគល់-ទទួល​នេះ ធ្វើឡើងក្រោមអធិបតីភាព លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង។​

ក្នុងឱកាសនោះ លោក ម៉ុម សារឿន ​​បានថ្លែងអំណរគុណដល់ ក្រុមហ៊ុន «សួស្តី ហ្វាយនែន» ដែលបានយកចិត្តទុកដាក់ និងឧបត្ថម្ភស្បៀងអាហារ និងទឹកបរិសុទ្ធ ដើម្បីជួយសម្រាលការលំបាករបស់​ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងខេត្តស្ទឹងត្រែង ហើយនេះគឺជាកាយវិការនៃកម្លាំងសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែក និងជាគំរូដ៏ល្អប្រពៃសម្រាប់មនុស្សគ្រប់ៗជំនាន់។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់ក្រុមហ៊ុន «សួស្តី ហ្វាយនែន» ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រួមមាន ទឹកបរិសុទ្ធ៧៥កេស មី២៥កេស ត្រីខ១៥កេស និងទឹកសណ្តែកចំនួន២៥កេស៕​