(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨នេះ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គលើ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានងើបឡើងបន្តិចវិញ ខណៈខេត្តកំពង់ចាម បន្តស្រកចុះ។

ក្រសួងធនធានទឹកបានបញ្ជាក់យ៉ាងដូច្នេះថា៖

១៖ ទន្លេមេគង្គស្ទឹងត្រែង ទឹកមានកម្ពស់ ១០,៦០ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ) ធៀបនឹងកម្ពស់ទឹកនៅព្រឹកម្សិលមិញ កើនឡើង ០,១៤ ម៉ែត្រ។
២៖ ទន្លេមេគង្គក្រចេះ ទឹកមានកម្ពស់ ២១,៦២ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ) ធៀបនឹងកម្ពស់ទឹកនៅព្រឹកម្សិលមិញ កើនឡើង ០,០៣ ម៉ែត្រ។
៣៖ ទន្លេមេគង្គកំពង់ចាម ទឹកមានកម្ពស់ ១៥,០៦ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ) បើធៀបនឹងកម្ពស់ទឹកនៅព្រឹកម្សិលមិញ ស្រកចុះ ០,០៥ ម៉ែត្រ។

សូមជម្រាបថា បើតាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់ននៅខេត្តចំនួន៤ ដូចជាស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ បណ្តាលឲ្យពលរដ្ឋជាង១ម៉ឹនគ្រួសាររងការប៉ះពាល់ និងដំណាំផ្សេងៗជាច្រើនត្រូវបានបំផ្លាញ៕