(ភ្នំពេញ)៖ ករណីគ្រោះអគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានរលត់ទៅវិញជាស្ថាពរហើយ នៅវេលាម៉ោងប្រមាណ០៩៖៣០នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ ក្រោយមានការជួយអន្ដរាគមន៍យ៉ាងដុតដៃដុតជើងពីកម្លាំងសមត្ថកិច្ចជំនាញ។

លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ បានបំផ្លាញផ្ទះទាំងស្រុងអស់ចំនួន៣ខ្នង និងបានបន្ដឆេះរោលទៅផ្ទះផ្សេងទៀតអស់ចំនួន៣ខ្នងដែរ ប៉ុន្ដែមិនបណ្ដាលឲ្យពលរដ្ឋម្នាក់ណារងគ្រោះថ្នាក់នោះទេ។

យ៉ាងណាមិញ សម្រាប់ប្រតិបត្តិការនៃការជួយសង្គ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា រថយន្ដពន្លត់អគ្គិភ័យចំនួន៣១គ្រឿង ត្រូវបានបញ្ចេញមកជួយសង្គ្រោះ ប៉ុន្ដែបាញ់បានតែ៨គ្រឿងប៉ុណ្ណោះ អគ្គិភ័យនេះក៏រលត់ជាស្ថាពរ ដោយមិនបង្កគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរនោះទេ។

ដោយឡែក សម្រាប់ដើមចងដែលបង្កឲ្យមានគ្រោះអគ្គិភ័យ មិនទាន់ត្រូវបានសមត្ថកិច្ចឲ្យដឹងនោះទេ ព្រោះកំពុងធ្វើការស្រាវជ្រាវ៕