(ភ្នំពេញ)៖​ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ Khmer Empire Full Marathon លើកទី៥ នឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី០៥ ខែសីហាស្អែកនេះ នៅតំបន់អង្គរ ខេត្តសៀមរាប ស្របពេលកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជិត ៥០ប្រទេសបានសម្រុកមកយកសម្ភារៈជាបន្ដបន្ទាប់ ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាបែបទេសចរណ៍មួយនេះ ដោយការពេញចិត្ត រីករាយ និងត្រៀមជាស្រេចដើម្បីចូលរួម ដោយមិនខ្វល់ពីស្ថានភាពនយោបាយកម្ពុជាឡើយ ។

លោកស្រី Jenny មកពីប្រទេសសិង្ហបុរី បានឲ្យដឹងថា នេះគឺជាលើកទី១ ដែលលោកស្រីបានចុះឈ្មោះចូលរួម ក្រោយប៉ងជាច្រើនឆ្នាំកន្លងទៅ ហើយលោកស្រីពិតជាពេញចិត្ត ព្រោះការៀបចំស្ថិតលើទីតាំងមួយដ៏អស្ចារ្យ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា ពិសេសគឺសុខសន្ដិភាពរបស់កម្ពុជាតែម្ដង ។ លោកស្រីថា «ខ្ញុំគិតថា ប្រទេសកម្ពុជា ទោះបីមុន ឬក្រោយបោះឆ្នោត ក៏មានសុខសន្ដិភាព សុវត្ថិភាពដែរ អញ្ចឹងហើយ ទើបខ្ញុំមកចូលរួម ពិសេសគឺខ្ញុំចង់ថតរូបស្អាតៗពេលរត់ ដោយមិនផ្ដោតតែលើលទ្ធផលឈ្នះ ឬចាញ់នោះទេ» ។

ដោយឡែកបុរសជនជាតិអាល្លឺម៉ង់វ័យ ៤០ឆ្នាំប្លាយម្នាក់ បានសម្ដែងការសប្បាយចិត្ត ក្រោយបានចូលរួមជាលើកទី២ ពោលគឺលោកបានចុះឈ្មោះតាំងពី ៦ខែមុនមកម្លេះ ។ ដូច្នេះលោកបានត្រៀមចិត្ដត្រៀមកាយចូលរួមជាស្រេច ដោយមិនខ្វល់ពីស្ថានភាពនយោបាយកម្ពុជាឡើយ ។ លោកសង្កត់ធ្ងន់ថា «ខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំមកលក្ខណៈគ្រួសារ ហើយមើលឃើញភាពរីកចម្រើន និងភាពសប្បាយរីករាយនៅកម្ពុជា ។ ខ្ញុំបានចុះឈ្មោះតាំងពី ៦ខែមុនម្លេះ ព្រោះខ្ញុំអត់ខ្វល់រឿងបោះឆ្នោត ឬស្ថានភាពនយោបាយអីទេ ដោយសារខ្ញុំឃើញកម្ពុជា មានសន្ដិភាពពេញលេញ» ។

ទន្ទឹមជាមួយគ្នាលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញនូវមោទនៈភាព ចំពោះកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ដែលបានចុះឈ្មោះរត់ Full Marathon នាព្រឹកស្អែក ។ លោកថា បណ្ដោះអាសន្នមានអ្នកចុះឈ្មោះជាង ៣,០០០នាក់ហើយ ដែលមកពី ៤៩ប្រទេសលើពិភពលោក ដោយចំនួននេះកើនឡើងប្រមាណ ១៥% បើធៀបនឹងឆ្នាំ២០១៧ ។ តាមរយៈកំណើននេះ លោកបានចាត់ទុកជាជោគជ័យថ្មី សម្រាប់គណៈកម្មការរៀបចំ និងសបញ្ជាក់ឲ្យឃើញពីសុខសន្ដិភាព ដែលផ្ដល់ភាពកក់ក្ដៅ សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ដនៅកម្ពុជា ។

គួរបញ្ជាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៥ ឆ្នាំ២០១៨ ក៏មិនខុសពីឆ្នាំមុនៗដែរ ដោយត្រូវរត់លើ ៤វិញ្ញាសា គឺវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងវិញ្ញាសារត់លក្ខណៈកម្សាន្ដ ៣គីឡូម៉ែត្រ ។ ចំពោះគោលបំណងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងរដូវភ្លៀងធ្លាក់ ដែលជារដូវភ្ញៀវទេសចរធ្លាក់ចុះ និងជួយដល់ផលិករទេសចរ បានរក្សានូវចំណូលប្រចាំថ្ងៃ ។ មួយវិញទៀត ក៏រួមចំណែកសកម្មភាពមនុស្សធម៌ ដោយស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារ និងអង្គការសប្បុរសធម៌មួយចំនួនផងដែរ៕