(ភ្នំពេញ)៖ លោក សាន សុផាត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨នេះ បានចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននូវ ក្រុមចោរវ័យក្មេង៥នាក់ ដែលប្រើដាវសាំម៉ូរ៉ៃប្លន់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច ក្រុមចោរទាំង៥នោះ ត្រូវបានលោក ខៀវ ផល្លា ជាតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស (ប្លន់)។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមចោរទាំង៥នាក់៖
* ទី១ឈ្មោះ សុធា សុផានិត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរ ស្នាក់នៅផ្ទះលេខ៥៥៦ង ផ្លូវលំ ភូមិស្លែងរលើង សង្កាត់កាកាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ

* ទី២ឈ្មោះ អ៊ិច ចក្រី ហៅ ហ្វ័រ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរ
ស្នាក់នៅផ្ទះលេខ៩B ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

* ទី៣ឈ្មោះ ឆាវ សំអិត ហៅ រាជ ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនបោះពុម្ព និងចោរក្រៅម៉ោង ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

* ទី៤ឈ្មោះ ណុច តុលា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យសេរីមង្គល ថ្នាក់ទី១០ និងចោរក្រៅម៉ោង រស់នៅភូមិឬស្សីជ្រោយ ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

* និងទី៥ឈ្មោះ កែវ ភារុណ ហៅ ប៊ី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនបោះពុម្ព និងចោរក្រៅម៉ោង ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួររំលឹកថា សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមចោរប្លន់ ប្រើដាវសាំម៉ូរ៉ៃវ័យក្មេងទាំង៥នាក់ ខាងលើកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ពាក់ព័ន្ធបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (ប្លន់) ចំនួន០៣ករណី៖

* ករណីទី១៖ លួចពីស្ថានទម្ងន់ទោស ដោយឆក់កាបូបស្ពាយ នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយខាងលិច ផ្លូវ សហព័ន្ធរុស្សី ក្រុម៣ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។

​​​​​​* ករណីទី២៖ លួចមានស្ថានទម្ងន់ទោស ដោយឆក់កាបូបស្ពាយ នៅចំណុចមុខផ្ទះលេខ១៦៦អឺ០ ផ្លូវលេខ ១៨២ ភូមិ០៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨។

* ករណីទី៣៖ លួចមានស្ថានទម្ងន់ទោសដោយសារប្រើអំពើហិង្សា (វាយយកម៉ូតូ) នៅចំណុចចក្រុមហ៊ុនក្រឡុកស៊ីម៉ង់SCG ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។

ក្រោយពេលឃាត់ខ្លួនក្រុមចោរទាំង៥នាក់ខាងលើ សមត្ថកិច្ច ដកហូតបានវត្ថុតាងរួមមាន៖
* ដាវសាំម៉ូរ៉ៃ ស្រោព័ណ៌ស ប្រវែង ០១ម៉ែត្រ ចំនួន ០១ ដើម
* ស្លាកលេខម៉ូតូ សៀមរាប 1F-7927 ចំនួន ០១ បន្ទះ
* សម្ភារប្រើប្រាស់គ្រឿងញៀន (ដប ចំនួន ០១,ដែកកេះ ចំនួន ០៣ ,ក្រដាស់អាលុយមីញ៉ូម មួយចំនួន )
* ស៊ីមកាត Metfone ចំនួន ៥៣ ស៊ីម
* និងម៉ូតូម៉ាក ZUSUKI ព័ណ៌ខ្មៅ លាយក្រហម សេរីឆ្នាំ២០១៤ ឡើងសេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1AS-4917៕