(កំពង់ធំ)​៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ ដែលមានគណបក្សចូលរួមចំនួន​២០គណបក្ស យើងឃើញថាលទ្ធផលបឋមដែលប្រកាសឲ្យ គ.ជ.ប គឺគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះយ៉ាងច្រើនលើសលុប។

ជាក់ស្តែង​នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ លោក សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ, លោក ឈុន ឈន់ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងលោក ឃឹង នុភាព បេក្ខជនឈរឈ្មោះតំណាងរាស្ត្រមណ្ឌលកំពង់ធំ ព្រមទាំងក្រុមការងារ និងសហការីទាំងអស់ បានចុះជួបសំណេះសំណាល និងថ្លែងអំណរគុណ​ប្រជាពលរដ្ឋនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលតែងតែគោរពស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០​ច្រើនលើសលប់។

លោក សុខ លូ បានថ្លែងថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺជាជ័យជម្នះរបស់យើងទាំងអស់គ្នា ជាជ័យជ​ម្នះរបស់ជាតិយើងទាំងមូល។ ដូច្នេះ​សូមពុកម៉ែបងប្អូន ចាប់ពីពេលនេះ សូមកុំធ្វើការបែងចែក​​ប្រជាពលរដ្ឋណាម្នាក់ ដែលបានបោះឆ្នោតគាំទ្រគណបក្សផ្សេង ឬមិនទៅបោះឆ្នោត ព្រោះយើងជាខ្មែរដូចគ្នា ត្រូវចេះសាមគ្គីគ្នា គោរពស្រលាញ់គ្នា និងចូលរួមកសាង អភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក​របស់យើង​ឲ្យមានការរីកចម្រើន រក្សាបាននូវភាពសុខសាន្តបន្តទៀត។

បើតាមលោក សុខ លូ កន្លងមក​ជនអគិតមួយចំនួន បានអំពាវនាវប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ប៉ុន្តែការអំពាវនាវនេះ​មិនបានសម្រេចនោះទេ ទីបំផុត​ប្រជាជពលរដ្ឋទូទាំងប្រទេស បានទៅចូលរួមបោះឆ្នោត​៨២,៨៩% មានន័យថា ប្រជាពលរដ្ឋចូលរួមបោះឆ្នោត ចង់បានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍប្រទេសបន្តទៀត។

ចុងបញ្ចប់ លោក​ប្រធានគណបក្សខេត្ត បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់​ដូចជា លោកមេភូមិ មេឃុំ អភិបាលស្រុក ក្រុមការងារចុះជួយស្រុក ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហា ជូនបងប្អូនឲ្យបានល្អប្រសើរឡើងទ្វេរដងបន្តទៅទៀត។

ខិតខំដើរតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៦នេះ។

ជាពិសេសត្រូវពិនិត្យខ្លួនឯង តើនៅមានចំណុចខ្វះខាតអ្វីខ្លះ ដែលយើងមិនទាន់បានបម្រើសេវាសាធារណៈជូនបងប្អូនបានឌិតដល់ ដើម្បីកុំឲ្យការទុកចិត្តរបស់បងប្អូនមកលើយើង មានការអស់សង្ឃឹមឲ្យសោះ។ ហើយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅតែរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈទាំងអស់។ ទន្ទឹមនឹងនោះ ក៏មានការទទួលទានអាហារជុំគ្នាយ៉ាងឆ្ងាញ់ពិសារ និងរំាលេងកំសាន្តយ៉ាងសប្បាយរីករាយផងដែរ៕