(កំពង់ស្ពឺ)៖ អង្គភាពកងទ័ពចំនួន២ គឺបញ្ជាការដ្ឋានយោធភូមិភាគទី៣ និងកងពលតូចអន្ដរាគមន៍លេខ១១ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ បានទទួលការយកចិត្ដទុកដាក់ ជាថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ ដើម្បីចូលរួមកសាងអង្គភាព និងប្រើប្រាស់សម្រាប់ការងារ ការរស់នៅរបស់កងទ័ពប្រចាំថ្ងៃ នៅក្នុងអង្គភាព។

ជាក់ស្ដែងអំណោយ​របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី រួមមានវិទ្យុទាក់ទងចំនួន៤គ្រឿង និងប្រភពអគ្គីសនី ចំនួន៤គ្រឿង ត្រូវបានប្រគល់ជូនបញ្ជាការដ្ឋានយោធភូមិភាគទី៣ កងទ័ពជើងគោក និងថវិកា​មួយចំនួន អង្ករ៥តោន ​មីចំនួន១០០កេស ត្រូវបានប្រគល់ជូន​មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន របស់កងពលតូចអន្តរាគមន៍លេខ១១ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨។

តំណាងអង្គភាពទ័ពទាំង២ បានថ្លែងថា ជំនួសមុខឲ្យនាយទាហាន នាយទានហានរង និងពលទាហាន​ទាំងអស់ ​ពិតជាសប្បាយរីករាយណាស់ ដែលបានទទួលអំណោយ​របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជាសម្ភារ ថវិកា គ្រឿងឧបភោគបរិភោគ​ស្របពេលដែលអង្គភាពកំពុងត្រូវការជាចាំបាច់ ក្នុងការកសាងអង្គភាព និងប្រើប្រាស់សម្រាប់ការងារ និងការរស់នៅរបស់កងទ័ពប្រចាំថ្ងៃនៅក្នុងអង្គភាព។

តំណាងអង្គភាពកងទ័ពទាំង២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំក្រសួងការពារជាតិ ដោយឡែកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចជាកាលតែងតែយកចិត្តទុក្ខដាក់ លើវិស័យការពារជាតិតាមរយៈការគិតគូយកចិត្តទុកដាក់ ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ព និងការស្នាក់នៅហូបចុករបស់កងទ័ព គ្រួសារកងទ័ព។​

គួររំលឹក​ថា ការផ្តល់អំណោយជា ថវិកា សម្ភារបរិក្ខាផ្សេង‌ៗ និងគ្រឿងឧបភោគបរិភោគជាច្រើន បានប្រគល់ជូនអង្គភាពទ័ពផ្សេងៗជាច្រើនទៀត រួមទាំងអង្គភាពទ័ពទាំងពីរខាងលើ ដែលនេះគឺជាការគិតគូយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ព និងការស្នាក់នៅហូបចុករបស់កងទ័ព គ្រួសារកងទ័ព៕