(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្ត ដល់តំណាងប៉ូចែកចាយ ស៊ីម៉ង់់ត៍អូដ្ឋឆ្នើម ចំនួន៧៣នាក់ ដែលបានខិតខំប្រឹងប្រែងលក់ លើសកម្រិតកំណត់របស់ក្រុមហ៊ុន នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី បានផ្ដល់រង្វាន់ម៉ូតូហុងដា (Honda Dream) ស៊េរីឆ្នាំ ២០១៨ យ៉ាងស្រស់ស្អាតជូនពួកគាត់ម្នាក់​១គ្រឿង ដើម្បីជាការលើកទឹកចិត្ត។

ពិធីប្រគល់រង្វាន់នេះ បានប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នៅការិយាល័យ របស់ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី ដែលមានទីតាំងស្ថិតនៅអគារ Anina ផ្លូវលេខ 271។

លោក ឆុង យឿប ប្រធានផ្នែកលក់នៃក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី ថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍នេះ ជាផ្នែកមួយ របស់ក្រុមហ៊ុន ជីបម៉ុង អ៉ិនស៊ី ដើម្បីឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាការលើកទឹកចិត្តដល់ដៃគូ និងបណ្ដាញចែកចាយរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ហើយរង្វាន់ម៉ូតូទាំង៧៣គ្រឿង ត្រូវបានប្រគល់ជូន ដល់តំណាងដេប៉ូចែកចាយ ស៊ីម៉ង់ត៍អូដ្ឋឆ្នើម។

លោក ឆុង យឿប បានបញ្ជាក់ទៀតថា «យើងមានក្ដីសប្បាយរីករាយខ្លាំង ដែលមានដៃគូពេញ ដោយសមត្ថភាពបែបនេះមួយវិញទៀត យើងពិតជាមានទំនុកចិត្តថា ពួកយើងនឹងបន្តដំណើរទៅមុខទៀត បានកាន់តែប្រសើរ»

អ្នកស្រី ប៉ុល សិលា អតិថិជនមកពីខេត្តកំពង់ចាម បានឲ្យដឹងថា «ខ្ញុំជាតំណាងដេប៉ូចែកចាយ ស៊ីម៉ង់ត៍អូដ្ឋផលិតផលស៊ីម៉ង់ត៍អូដ្ឋអស់រយៈពេលជាច្រើនឆ្នាំហើយ។ ខ្ញុំសប្បាយចិត្ត នៅពេលដែលក្រុមហ៊ុន និងក្រុមការងារតែងតែ ផ្តល់សេវាកម្មល្អ និងយកចិត្តទុកដាក់ លើកទឹកចិត្ត ដល់តំណាងដេប៉ូចែកចាយ ស៊ីម៉ង់ត៍អូដ្ឋដូចពួកខ្ញុំ»

សូមជម្រាបថា ដើម្បីជំរុញការលក់ កាន់តែខ្លាំងដោយក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី តែងតែផ្ដល់រង្វាន់លើកទឹកចិត្តឲ្យតំណាងដេប៉ូចែកចាយស៊ីម៉ង់ត៍អូដ្ឋ តាមរយៈរូបភាពផ្សេងៗ។ ដូចកន្លងមកនេះ ក្រៅពីម៉ូតូក្រុមហ៊ុនក៏ធ្លាប់បាន ផ្តល់រង្វាន់រាប់រយរង្វាន់ ដូចជាទូរស័ព្ទដៃ និងគ្រឿងអលង្ការ ដល់តំណាងដេប៉ូចែកចាយនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន បានវិនិយោគរួមគ្នារវាងក្រុមហ៊ុន ជីប ម៉ុង គ្រុប និងក្រុមហ៊ុន Siam City Cement លីមីតធីត ដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើរការរោងចក្ររបស់ខ្លួន នៅស្រុកទូកមាស ខេត្តកំពត។ រោងចក្រនេះ អាចមានលទ្ធភាពផលិតស៊ីម៉ង់ត៍ចំនួន ៥,០០០តោនក្នុងមួយថ្ងៃ។ ក្នុងនោះក្រុមហ៊ុនបានចាត់ទុកស៊ីម៉ង់ត៍អូដ្ឋ ជាផលិតផលសំខាន់ សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។

ស៊ីម៉ង់ត៍អូដ្ឋត្រូវបានបែងចែកជា២ប្រភេទ ស៊ីម៉ង់ត៍អូដ្ឋពណ៌ទឹកក្រូច មានគុណភាពល្អ ស័ក្ដិសមសម្រាប់សំណង់រឹងមាំល្អ ក៏ដូចជាការប្រើប្រាស់ ក្នុងគោលបំណងទូទៅ និងស៊ីម៉ង់ត៍អូដ្ឋពណ៌បៃតង មានគុណភាពពិសេស និងល្អបំផុតសម្រាប់ ការងារបូក ហើយស៊ីម៉ង់ត៍នេះត្រូវបានប្រើប្រាស់ នៅទូទាំងប្រទេសរួមទាំងរចនាសម្ព័ន្ធ សំខាន់ៗជាច្រើនដូចជា អគារណាហ្គាវើល២ សណ្ឋាគារសុខា បុរី ជីប ម៉ុងលែន និងផាកសុនម៉លជាដើម៕