(ភ្នំពេញ)​៖ ​លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ បានចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ​ដែល​បោះឆ្នោតគាំទ្រគណបក្សប្រជាជន ឲ្យទទួលបានជ័យជម្នះ​ភ្លូកទឹកភ្លូកដី ព្រមទាំងផ្សពផ្សាយអំពីលទ្ធផលបឋម នៃការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ជូន​ប្រជាពលរដ្ឋភូមិព្រែកកំពឹស និងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស។

លោកអភិបាលខណ្ឌ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងសង្កាត់ព្រែកកំពឹស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ឲ្យបានទទួលជោគជ័យគួរជាទីមោទនៈ ដែលបានបង្ហាញយ៉ាងច្បាស់ថា បងប្អូនត្រូវការសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ត្រូវការសន្តិភាព និងការអភិវឌ្ឍបន្តទៀត។

បន្ថែមពីនេះ លោក នុត ពុធដារ៉ា ​បានផ្សព្វផ្សាយអំពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលជាលទ្ធផល គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីនៅទូទាំងប្រទេសនិយាយជារួម ហើយនិយាយដោយឡែក ចំពោះខណ្ឌដង្កោទាំងមូល ដែលបានទទួលចំនួនអ្នកគាំទ្រគណបក្សប្រជាជន​៧១,២១% លើចំនួនអ្នកបោះឆ្នោតសរុប និងកើនសម្លេងគាំទ្រចំនួ ​១០,០០០សំឡេង ធៀប​ការបោះឆ្នោតឆ្នាំ២០១៧កន្លងទៅ។

លោកអភិបាលខណ្ឌ ក៏បាននាំនូវការ​សាកសួរសុខទុក្ខ​ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងអំពីការអភិវឌ្ឍ និងសន្តិភាព ដែលយើងទទួលបានក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

​ជាមួយគ្នា​នេះ លោកអភិបាល ក៏បានពិនិត្យ​ផ្លូវបេតុងថ្មី០១ខ្សែ ដែលទើបស្ថាបនារួច និងបានដាក់ឲ្យ​ប្រជាពលរដ្ឋប្រើប្រាស់ធ្វើចរាចរណ៍ មានប្រវែង​៣,៤៨៤ម៉ែត្រ ទទឹង៥ម៉ែត្រ តភ្ជាប់ពីផ្លូវ២១៧ ដល់ផ្លូវវត្តព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែកកំពឹស និងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស បានជួយសម្រួលដល់ការធ្វើដំណើរ​បានយ៉ាងច្រើន ដែលនេះជាសមិទ្ធផលនៃការអភិវឌ្ឍ ក្រោមដំបូលសន្តិភាព។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវតែបន្ដចុះជួបសំណេះសំណាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទោះបីមិនទាន់បង្កើនរាជរដ្ឋាភិបាលថ្មីក៏ដោយ ដើម្បីឆ្លើយតបនូវការខិតខំរបស់ពលរដ្ឋដែលបានជឿជាក់មកលើគណបក្សប្រជាជន។

ក្នុងឱកាសជួបសំណេះសំណាល់នេះ លោក នុត ពុធដារ៉ា ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន២០០ដុល្លារ ជូនប្រជាពលរដ្ឋសម្រាប់ជួលធុងបាស់រាំលេងកម្សាន្ដ ដើម្បីអបអរសប្បាយរីករាយ នៅពេលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះនៅមូលដ្ឋានរបស់ខ្លួន៕